ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី២៦ ឧសភានេះ បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី.ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសតាមកាលបរិច្ឆេទ របស់គណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ក្រោយពីបានដំណើរការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុម ប្រឹក្សាអស់រយះពេល៨ថ្ងៃកន្លងទៅ ។
ដោយឡែកនៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះយុគន្ធរក្នុងរាជធានីភ្នំពេញ លោក នុត សុខុម អនុប្រធាន គ ជ ប និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យមើលស្ថានភាព និងដំណើរការនៃការបោះឆ្នោត ក៏ដូចជាបរិយាកាសបោះឆ្នោត និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតផងដែរ នៅការិយាល័យបោះឆ្នោតលេខ០០១៣ ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត. ក្រុង. ស្រុក.ខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩ សមាជិកក្រុមប្រឹក្សាត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតអសកលមិនចំពោះដោយសេរីត្រឹមត្រូវយុត្តិធម៌តាមវិធីបោះឆ្នោតជាសម្ងាត់ ។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងគឺជាអង្គបោះឆ្នោត ។
សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានគណបក្សនយោ បាយចំនួន៦បានចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីមានចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង ១៤មានបេក្ខជនសរុប១៣៤៣រូប ស្រី៥៣៧រូប ។ ចំណែកគណបក្សនយោបាយទាំង៦ដែលត្រូវបានទទួល ស្គាល់ជាផ្លូវការរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសញ្ជាតិកម្ពុជា ។ គណបក្សនិមួយៗបានដាក់បេក្ខជនរបស់ខ្លួនតាមមណ្ឌលនានាតាមលទ្ធភាពរបស់ខ្លួន ។
តាមការវាយតំលៃរបស់គជបគឺតាំងពីចាប់ដំណើរការឃោស នាបោះ ឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតគឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរនិងដោយរលូនធានាបានភាពត្រឹមត្រូវសេរីយុត្តិធម៌ស្របតាមគោលការលិទ្ធិប្រជាធិ បតេយ្យសេរីពហុបក្ស ។ ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញនូវផែនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈទូទាំងរាជធានីភ្នំពេញក្នុងគោលបំណងធានាអោយការបោះឆ្នោតប្រព្រឹត្តទៅប្រកប ដោយបរិយាកាសស្ងប់ស្ងាត់និងរៀបរយល្អ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត.ក្រុង.ស្រុក.ខណ្ឌអាណត្តិទី៣បានប្រព្រឹត្តទៅក្រោមការពិនិត្យនិងសង្កេតការណ៏ពីអង្គការសង្គមស៊ីវិលស្ថាបន័ឯករាជនិងតំណាងគណបក្សនយោបាយក៏ដូចអ្នកសារពត៌មានរាប់ពាន់នាក់ ។ ការបោះឆ្នោតបានចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៥រសៀលថ្ងៃអាទិត្យទី២៦ឧសភា ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្ងៃនេះជាថ្ងៃពិសេសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌក្រុងរាជធានី ។ ការងារនេះក្នុងនាមអាជ្ញាធរដែនដីអនុវត្តតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃគឺអាជ្ញាធរដែនដីបានធ្វើការងារធំៗមួយចំនូនធំពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសទៅដល់អង្គបោះឆ្នោតទាំងមូល ។ ជាក់ស្តែងថ្ងៃនេះ អង្គបោះឆ្នោតបានដំណើរការទៅដោយរលូនដោយថ្ងៃនេះជាថ្ងៃដែលយើងបានរិតបន្តឹងលើផ្នែកសន្តិសុខជាងថ្ងៃធម្មតា ។ បានន័យថា រាល់ថ្ងៃយើងបានរិតបន្តឹងមានសន្តិសុខល្អប្រសើរហើយប៉ុន្តែថ្ងៃនេះយើងរិតបន្តឹងអោយបានខ្លាំងឡើងបន្ថែមទៀត ។ ដូច្នេះបញ្ហាសន្តិសុខមិនមានបញ្ហាអ្វីដែលរំខានទៅដល់ការបោះឆ្នោតនោះទេ ។
លោកបន្តថា៖ នៅភ្នំពេញមានការិយាល័យបោះឆ្នោតចំនូន១៤ការិយាល័យ ដោយយើងមាន១៤ខណ្ឌហើយអង្គបោះឆ្នោតត្រូវបោះចំនួន២សន្លឹកក្នុងនោះបោះឆ្នោតថា្នក់ខណ្ឌមួយសន្លឹកនិងបោះឆ្នោតថ្នាក់រាជធានីមួយសន្លឹកដោយមានសមាជិកជាអង្គនោះឆ្នោតចំនួន៨៩៩រូប ៕ សំរិត