ខេត្តពោធិ៍សាត់៖ របាយការណ៍នគរបាលក្រុងពោធិ៍សាត់ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក ប៊ី សុខុម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំកម្លាំងក្រោមឱវ៉ាតចុះល្បាតក្នុងដែនរដ្ឋបាលរបស់ខ្លួន លទ្ធផល៖ បង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដកហូតនូវវត្ថុតាងម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ធំ ០២កញ្ចប់ និងឧបករណ៍.សម្ភារៈផ្សេងៗទៀត ដើម្បីយកទៅបន្តនីតិវិធី ។
នៅថ្ងៃដដែលនោះដែរ របាយការណ៍នគរបាលស្រុកភ្នំក្រវាញ ស្រាវជ្រាវ និងឃាត់ចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ផងដែរ ករណីលួចសម្ភារៈលក់យកលុយទិញគ្រឿងញៀន ដើម្បីកសាងសំណុំឯកសារបញ្ជូន ។
ចំណែក របាយការណ៍នគរបាលស្រុកកណ្ដៀងថ្ងៃទី២៥ ខែឆ្នាំដដែល ឃាត់ចាប់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ផងដែរ ដកហូតនូវវត្ថុតាងម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច ដាវចំនួន ០១ដើម អាវុធច្នៃ(ស្នប់)ចំនួន ០១ដើម មធ្យោបាយ(កាណូត) ០១គ្រឿង ដើម្បីកសាងសំណុំឯកសារបញ្ជូន ។
ដោយឡែក៖ របាយការណ៍នគរបាលស្រុកក្រគរ នារសៀលថ្ងៃទី២៦ ខែឆ្នាំដដែលនេះ ឃាត់ចាប់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ ធុន ចាន់ថុល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឆែកឆេរលំនៅឋានរកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣៤កញ្ចប់ ក្នុងនោះធំ ០១កញ្ចប់ ស្មើនឹងទម្ងន់ប្រមាណចំនួន ១៥,៦០ក្រាម ឧបករណ៍ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ជញ្ជីងសង្ស័យសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង លុយខ្មែរចំនួន ៣០មុឺនរៀល អាវុធច្នៃ(ខ្យល់)ចំនួន ០៤ដើម កាមេរ៉ាខូច ០១គ្រឿង ទូរស័ព្ទតូចធំខូចចំនួន ២៤គ្រឿង ស្លាកលេខម៉ូតូ កំពង់ធំ 1B 5067 ០១សន្លឹក កាបូបស្ពៀយ ០១ ដើម្បីកសាងសំណុំឯកសារបញ្ជូន ៕ បុឹម ពិន