ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន បុករថយន្តកុងតឺន័រពីក្រោយ ឆ្លងចរន្តភ្លើងឆាបឆេះសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង បានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆាបឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់​។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ លើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM .0830 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានឡើងស្ពានមុនីវង្សចាស់ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុក រថយន្តកុងតឺន័រ មិនចាំស្លាកលេខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ចំណែករថយន្តកុងតឺន័រមិនបានឈប់ទេ ក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង ​។

ភ្លាមនោះដែរ គេឃើញម្ចាស់រថយន្តចុះមកមើលរថយន្តរួចបានឡើងចូលក្នុងរថយន្តបញ្ឆេះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះតែម្ដង ។ ឃើញដូច្នោះម្ចាស់បានដើរចេញពីរថយន្តគេចខ្លួនបាត់ បណ្ដាលឲ្យរថយន្តឆេះខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ​។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុច់កើតហេតុបានទាក់ទង ទៅរថយន្តពន្លត់អគ្គិភ័យមកមួយគ្រឿងមកបាញ់បន្លត់ទើបរលត់ទាំងស្រុង​។

រថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖