ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ពន្ធ័នឹងមនុស្សឃាតដោយចេតនា ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះប្រព្រឹត្តទៅកាលពីម៉ោង ១១ និង៤០នាទីយប់ ថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំជាប់ស្ថានីយ៍ប្រេងឥន្ធន:តេលា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣ នាក់ដែលព្រួតវាយសម្លាប់ជនរងគ្រោះមាន ៖
ទី១.ឈ្មោះ អឿន ធា ហៅលូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាង សំណង់ មានទីលំនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
ទី២.ឈ្មោះ វុទ្ធី ភេទ ប្រុស អាយុ២៨ឆ្នាំ មុខ របរជាងតភ្លើង មានទីលំនៅភូមិច្រកឬស្សី ឃុំច្រកឬស្សី ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។
ទី៣. ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទៅលំនៅដូចអ្នកទី១។
តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៣ ខាងលើ បាននាំគ្នាយកដំបងវាយទៅលើជនរង គ្រោះឈ្មោះ ញ៉ែត រតន: ហៅណាក់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករររោងចក្រ មានទីលំនៅក្រុមទី៣ ភូមិអូរឧកញ៉ាហេង ឃុំអូរឧក ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងដោយគ្រាន់តែ ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អឿន ធា នេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង យកមកចាត់ការតាមច្បាប់ ខណៈបក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួនកំពុងត្រូវបានតាមចាប់ខ្លួនដែរនោះ ៕ ឆ្លាមសមុទ្រ