ខេត្តស្វាយរៀង៖ បុរសជាជនជាតិចិនម្នាក់ បន្ទាប់ពីបង្កករណីគ្រោះថ្នាក់ចរាចរណ៍ជិះរថយន្តមិនប្រកាន់ស្តាំ ទៅបុកម៉ូតូបញ្ច្រាសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគរបាលចររាចរណ៍ ក្រុងបាវិតឃាត់ខ្លួនមកសាកសួរកាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺទ្បូម៉ែត្រ១៦៦ និង១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងរបួសធ្ងន់ទាំង២ មានឈ្មោះ ខុនគា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងឈ្មោះ សុខ ភត្រ្តា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងតាអី ឃុំតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូមួយគ្រឿងម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ ១DG-៦៧១៣ ខូចខាតយ៉ាងដំណំ ។
ប្រភពបន្តថា ចំណែកជនជាតិចិនដែលបើករថយន្តបង្កហេតុមានឈ្មោះគ័រ ហ្វឹង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ ១DG-៦៧១៣ នៅលើផ្លូវជាតិលេខ១ ក្នុងទិសដៅកើតមកលិច ខណៈនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក់ LEXLiS(RX300) ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២J-៦៣៧២ ក្នងទិសដៅបញ្ច្រាសគ្នា ដោយបើកមិនប្រកាន់ស្តាំ ទៅបុកម៉ូតូយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្ន អ្នករងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង វាស់វែង និងឃាត់ខ្លួនជនជាតិចិន និងវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមច្បាប់ ៕ យឹម សុថាន