ព័ត៌មានទាន់ហេតុការណ៍៖

ឃើញជនរងគ្រោះទុកម៉ូតូ និងសោចោលមួយភ្លែត ជនសង្ស័យម្នាក់ក៏ឆ្លៀតយកជិះរត់តាំងពីខណ្ឌចំការមន ដល់ខណ្ឌដូនពេញ នៅតែជនរងគ្រោះដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយបានព្យាយាមជិះរត់គេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បានដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះជួយចាប់ និងស្វាគមន៍ឡើងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។ ​

ជនសង្ស័យខាងលើមានឈ្មោះ លី ហេង (ហៅហេង) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ​Zoomer X ពណ៌ស​លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃេី ភេទប្រុស ​អាយុ21ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ​ខណ្ឌ7មករា ។ ​

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកហាងត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោ ព្រោះគិតថា ចូលមួយភ្លែត ពេលនោះ ក៏លេចមុខជនសង្ស័យខាងលើដើរមកក្បែរម៉ូតូររួចឡើងបញ្ឆេះជិះយ៉ាងប្រយ៉ាប់ គាត់ឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន)រហូតដល់ផ្លូវ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួលយកជនសង្ស័យ ។ ​

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖