ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿង បើកជែងជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿង បើកបោះពួយលឿនដូចហោះជែងមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ៣នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ស្ថិតក្នុងភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា រថយន្ដបង្កម៉ាក COROLA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X -6785 បើកបរដោយឈ្មោះ ទូច ចន្តា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ធនាគារ អេ ស៊ី លី ដា មានទីលំនៅភូមិ ត្រពាំងវែង ឃុំ ជើងកួន ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ ភី ភស្ត័ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL- 4047 និងទី២-ឈ្មោះ ស៊ូ រ៉យ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជាអ្នករួមដំណើរ) រីម្នាក់ទៀតដែលរងរបួសស្រាល ឈ្មោះ ស៊ូ រ៉ាយ ភេទ ស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង៣នាក់ខាងលើនេះ មានទីលំនៅភូមិ ព្រៃផ្អុង ឃុំស្វាយយា ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពី ភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្ដបន្ថែមល្បឿនលឿន ជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ ដោយពុំមើលស្ថានភាពផ្លូវ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីអ្នកបើកបររថយន្ដ ត្រូវបានប្រជាពលរដ្ឋជិតខាង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ដោយឡែក រថយន្ដនិងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះពិនិត្យ វាស់វែងរួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបានជាកើតមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖