ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបើកល្បឿនលឿន បានបុកក្មេងប្រុសជាអ្នកថ្មើរជើងម្នាក់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នកថ្មើរជើងទទួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៤ឆ្នាំជាអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវត្រូវបានម៉ូតូមួយគ្រឿង បើកដោយល្បឿនលឿន ឈប់មិនទាន់បានបុកពេញមួយទំហឹង បណ្ដាលឲ្យក្មេងប្រុសជាអ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ រ៉ាំ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ:សិស្ស មានទីលំនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះភាគីម្ខាងទៀតឈ្មោះ ស៊ិន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ:សិស្ស មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9539 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងប្រុសរងគ្រោះជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច បន្ទាប់ពីឆ្លងរួច ជនរងគ្រោះបានដើរតាមបណ្ដោយផ្លូវក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះៗ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកដោយល្បឿនលឿន បានមកបុកក្មេងប្រុសរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកទៅនឹង ធ្វើឲ្យអ្នកបើកបរម៉ូតូ និងក្មេងប្រុសជាអ្នកថ្មើរជើងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍បានចុះមកធ្វើការអន្ដរាគមន៍ រួចហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ រីម៉ូតូ សមត្ថកិច្ចជំនាញធ្វើការពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយកទៅរកក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖