ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចម៉ូតូគេដល់ក្នុងផ្ទះ ម្ចាស់គេតាមទាន់ផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យភ័យទុកម៉ូតូចោលរួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចចូលគាស់ផ្ទះរបស់ពលរដ្ឋជិតខាង រួចអូសយកម៉ូតូចេញ ចៃដន្យម្ចាស់ម៉ូតូដឹងទាន់ ស្រែកផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ បានទុកម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា សង្ស័យឈ្មោះ សៀម យូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញមាន៖ ម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ,កន្ត្រៃកាត់ដែកចំនួន១ ,ភ្លើងហ្វា(ពិលពាក់ក្បាល) ចំនួន១គ្រឿង ,នាឡិកាដៃចំនួន១ ,ឆ្នាំងសាកថ្មទូរស័ព្ទ ចំនួន១គ្រឿង ,ដង្កាប់ចំនួន១ ,កន្ត្រៃចំនួន១ ,ប្រេងសាំងចំនួន១ដបទឹកសុទ្ធកន្លះលីត្រ ,សោរទីបខ្សៀលេខ៨ ចំនួន១ ,ដែកសំប៉ែតមានមុខស្រួចម្ខាងចំនួន២កំណាត់ ឆ្នៃសម្រាប់ចាក់បំបែកសោរម៉ូតូ ,កាបូបតូចមានរូតធ្វើពីក្រណាត់ចំនួន១ ,មានឡាមមួយនៅក្នុងកាបូបនោះ ,ក្រមាពណ៌ក្រឡាចត្រង្គក្រហមលាយសរ ចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨និង២០នាទី ជនរងគ្រោះជាម្ចាស់ម៉ូតូ បានត្រលប់មកពីធ្វើការវិញ បានទុកម៉ូតូនៅក្នុងផ្ទះបាយ ដោយមិនបានចាក់សោរកម៉ូតូ ឬសោរខ្សែអ្វីផ្សេងទេ បន្ទាប់មក ជនរងគ្រោះក៏បានឡើងដេកនៅលើផ្ទះជាមួយប្រពន្ធ។ លុះមកដល់វេលាម៉ោង៣ទាបភ្លឺ ចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែឪពុកម្ដាយក្មេកជនរងគ្រោះ បានឃើញជនសង្ស័យអូសម៉ូតូជនរងគ្រោះចេញ ក៏ស្រែកផ្អើលឆោឡោរ ធ្វើឲ្យជនរងគ្រោះដឹងខ្លួន ក៏ស្ទុះចុះពីលើផ្ទះមកក្រោម ហើយឃើញម៉ូតូរបស់ខ្លួនត្រូវបានចោរកំពុងអូសដល់ផ្លូវមុខផ្ទះ ឃើញដូចនោះ ក៏ស្ទុះរត់ដេញតាម បណ្ដាលជនសង្ស័យភ័យស្លន់ស្លោ បានផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ក្រាំងយ៉ូវ រួចធ្វើការត្រួតពិនិត្យ ប្រមូលវត្ថុងពាក់ព័ន្ធ និងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖