ព័ត៌មានទាន់ហេតុការណ៍៖

ហេង ស្រីពេជ្រ វីវក់នឹងការថតកុនតែបែស្ងាត់នឹងរឿងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីសាច់ខ្ចីទ្រលុកទ្រលន់ ងារជាជំទាវក្នុងរឿង គឺកញ្ញា ហេង ស្រីពេជ្រ កាន់តែលេចធ្លោនឹងការងារសិល្បៈ បន្ទាប់ពីតារាស្រីរូបនេះ ទទួលបានឱកាសសម្តែងជាច្រើនបន្តបន្ទាប់ ។ ទោះជាយ៉ាងណា នាងនៅតែប្រកាសដដែលថា មិនមានបុរសណាម្នាក់ ដែលធ្វើឲ្យនាងបាក់ចិត្តស្រឡាញ់នៅឡើយ ។

ទីផ្សារថតសម្តែងក្នុងបទចម្រៀងខារ៉ាអូខេគ្រប់ផលិតកម្ម ការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ភាពយន្តខ្នាតធំ និងភាពយន្តអប់រំកំប្លែងខ្លីៗ របស់ ហេង ស្រីពេជ្រ ហាក់កើនឡើងកាន់តែខ្លាំងសម្រាប់ឆ្នាំនេះ ។ នាងបញ្ជាក់ថា រវល់ច្រើននឹងការងារសម្តែងស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែក៏មានសល់ធនធានអ្វីច្រើន ដូចគេដែរព្រោះតែត្រូវចំណាយគ្រប់សប់ និងត្រូវរ៉ាប់រងជួយគ្រួសារផងដែរ ។

តារាស្រីរូបនេះបញ្ជាក់ថា នាងទទួលបានការសម្តែងជាច្រើនកាលពីថ្មីៗនេះពិសេសស្នាដៃសម្តែងក្នុងភាពយន្តភាគរឿង”លោហិតរនាំងស្នេហ៍” ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ នាងបន្តថានាងកំពុងចាប់ជំនាញថ្មីបន្ថែមទៀត ទាំងការហ្វឹកាហាត់ច្រៀង និងពិធីករបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារ ។

ទោះបីជាការងារសិល្បៈហាក់ជោគជ័យខ្លាំងក្តីក៏តារាស្រីរូបនេះនៅតែត្អូញត្អែថាមិនមានស្នេហ៍គ្រាន់បានផ្អែមល្ហែមដូចគេ ។ នាងទទួលស្គាល់ថារហូតមកដល់ពេលនេះក៏មានបុរសខ្លះទាក់ទងមកដែរប៉ុន្តែមិនមានបុរសណាប្រាកដប្រជាបានត្រឹមលេបខាយសម្តី ហើយក៏ទៅបាត់ស្រមោល ។

នាងថាវ័យក៏កាន់តែច្រើនគួរសម មិត្តភ័ក្កិ គ្រួសារក៏សួរច្រើនអំពីរឿងគូអនាគត ប៉ុន្តែមិនដឹងថាឆ្លើយយ៉ាងម៉េចបានត្រឹមតែអៀន ។ នាងថ្លែងបែបអស់សង្ឃឹមថា ប្រហែលជាគ្មានបុរសណាក្លាហាន ស្មោះស្ម័គ្រ និងព្រមទទួលយកនាងដោយពិតប្រាកដទេ ។ នាងថា មិនមានលក្ខខណ្ឌច្រើនក្នុងការជ្រើសរើសគូស្រករទេ សំខាន់ភាពស្មោះត្រង់ ស្រឡាញ់ក្រុមគ្រួសារនាង និងបើកសិទ្ធិសេរីភាពឲ្យនាងប្រឡូកក្នុងការងារសិល្បៈ ៕ វឌ្ឍនា


ចែករំលែក៖