ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី ២៩ ខែ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអំពីការសម្រេចដកចេញនូវ “ពន្ឋកាត់ទុក ១% គឺបានចូលជាធរមានហើយ នៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ដំណឹងល្អនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងការដកចេញនូវពន្ឋកាត់ទុកនេះ សូមក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជាពង្រឹងនិងបន្តចូលរួមបង់ពន្ឋជូនរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ និងអោយបានគ្រប់ៗគ្នា៕