ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់លិខិតឆ្លងដែនដល់ជនរងគ្រោះ ដែលត្រូវចោរឆក់កាបូប​នៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយពេលដែលព្រះរាជអាជ្ញា និង សមត្ថកិច្ចជំនាញ បានសួរនាំចំពោះជនសង័្សយទាំងពីរ ក៏បានសារភាព នៅចំពោះមុខសមត្ថកិច្ច គឺខ្លួនពិតជាបានធ្វើសកម្មភាពកាបូប របស់ភ្ញៀវទេសចរណ៍ពិតប្រាកដមែន កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ កូម៉ៃ ទៅកាន់ប្រាសាទអង្គរវត្ត ។

ក្នុងនោះ ជនសង័្សយទី១ ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប និង ទី២ ឈ្មោះ រ៉េត មករា ភេទ ប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប ជនសង័្សយទាំងពីរត្រូវបានឃាត់ខ្លួន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។

ក្រោយពីទទួលបាននូវចម្លើយសារភាពរបស់ជនសង័្សយទាំងពីរ កម្លាំងសមត្ថកិច្ចជំនាញ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកចក បានចុះទៅរុករកនៅតាមព្រៃទៅអង្គរ ជនសង្ស័យបានបោះចោលសម្ភារៈ ដែលឆក់យកបានពីជនរងគ្រោះ ។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានរកឃើញនូវលិខិតឆ្លងដែន និង ឯកសារមួយចំនួន របស់ជនរងគ្រោះ និងបានប្រគល់លិខិតឆ្លងដែន និង ឯកសារ ជូនដល់លោកស្រី FATEMEH ARABSHEIKH ជាជនរងគ្រោះ ដោយមានវត្តមានចូលរួម ពីតំណាងរដ្ឋបាលសាលាខេត្ត ស្នងការរងនៃស្នងការនគរបាល ខេត្ត នគរបាលទេសចរណ៍ខេត្ត និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចកផងដែរ ។

ក្រោយពីការប្រគល់លិខិតឆ្លងដែន និង ឯកសារ លោកស្រី FATEMEH ARABSHEIKH ជាជនរងគ្រោះ ក៏បាន សម្តែង ពីការសោកស្ដាយមុខរបស់គាត់ មនុស្សស្រីស្អាតលើមុខ តែបើមុខខូចសម្រស់ហើយ គាត់ខ្មាសគេណាស់ ពិសេសកូនស្រី និង ក្រុមការងារក្នុងឋានៈដែលគាត់ធ្វើការនៅធានាគារធំលំដាប់ពិភពលោក ។ ម៉្យាងទៀតគាត់និយាយថា គាត់មិនហ៊ានលើកទូរស័ព្ទ Call on line របស់កូនស្រីទេ ព្រោះតែមុខគាត់មានរបួស មិនចង់ឲ្យកូនឃើញមុខ ក្នុងស្ថានភាពរបួសខ្លាំងបែបនេះ នាំឲ្យកូនស្រីបាក់ទឹកចិត្ត សិក្សារៀនសូត្រមិនបានល្អ ។

លាយឡំទៅដោយភាពក្តុកក្តួលរបស់លោកស្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចកម្លាំងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ចំពោះរូបលោកស្រី ជាជនរងគ្រោះ តែលោកស្រីក៏មិនលើកលែក ចំពោះជនល្មើសឡើយ សុំឲ្យតុលាការនៅកម្ពុជា ផ្តន្ទាទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕ ប៊ុនរិទ្ធី


ចែករំលែក៖