ភ្នំពេញ៖ រថយន្ត ស្តារិចមួយគ្រឿង ខណៈអ្នកបើកបរ ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុក និង ម៉ូតូកង់បីឥណ្ឌា ពីក្រោយពេញទំហឹង បណ្តាលឲ្យ រងការខូចខាត យ៉ាងដំណំ ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចស្តុប ផ្សារដើមថ្កូវ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសជាអ្នកបើកបរកង់បីឥណ្ឌាម្នាក់ បានបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ធ្វើដំណើរតាមផ្លូវ ២៧១ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់ វ័យប្រហែលជាង៣០ ឆ្នាំ បានបើករថយន្តម៉ាក់ ហ៊ីយ៉ានដាយ ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA 3239 បានធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ចំពីក្រោយទាំងកម្រោល បណ្តាលឲ្យម៉ូតូកង់បី ហោះផ្លោងឡើងលើចិញ្ចើមផ្លូវ កៀរដើមឈើ បណ្តាលឲ្យ រងការខូចខាត ក្រពិតរួញចូលគ្នា ព្រមទាំងឲ្យអ្នកបើកបរ រងរបួសតិចតួច និងខូចខាតទូរសព្ទ័អស់១គ្រឿង ។
ដោយឡែក រថយន្តបង្ក រងការខូចខាត ខ្ទេចផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់អ្នកបើកបរ នោះទេ ហើយភ្លាមៗនោះដែរ អ្នកបើកបរ ដែលមានជាតិស្រវឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវផងដែរ ។
ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ រថយន្ត និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចជំនាញបានចុះវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕សុខាសែនជ័យ