ខេត្តស្វាយរៀង៖ មានរឿងរ៉ាវមួយករណីទៀតហើយ ខណៈដែលបុរសម្នាក់បានស្លាប់ដោយសារសត្វឆ្កែខាំ ពេលទៅធ្វើស្រែ ហើយជ្រកក្នុងខ្ទម ស្រាប់តែមានឆ្កែដេញខាំក្មួយ ក៏ទៅជួយ តែត្រូវឆ្កែនោះខាំដៃខ្លួនឯងរងរបួស ហើយមិនបានព្យាបាលទាន់ពេលវេលា រហូតដល់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសម្តីស្ត្រីឈ្មោះកើត ចាន់ អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឲ្យដឹងថា សពដែលស្លាប់នេះឈ្មោះទួន សារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ហើយមុនកើតហេតុ អំឡុងថ្ងៃទី១០ ខែឧសភា ប្តីគាត់ទៅធ្វើស្រែ ពេលនោះស្រាប់តែមានសត្វឆ្កែ១ក្បាលដេញខាំក្មួយ ក្រោយមកគាត់ជាពូកំពុងជ្រកក្នុងរោង ខ្ទមស្រែបានទាញយកដំបងដេញវ៉ៃឆ្កែ ដើម្បីជួយក្មួយឲ្យផុតពីឆ្កែខាំ តែបែរជាត្រូវឆ្កែលោតខាំដៃស្តាំគាត់បណ្តាលឲ្យរងរបួស រួចឆ្កែនោះរត់ទៅបាត់ ហើយពូ និងក្មួយបានត្រឡប់មកផ្ទះវិញ។
ប្រភពដដែលបន្ថថា ក្រោយពីឆ្កែខាំប្តីគាត់មក ប្តីគាត់មិនបានទៅពេទ្យចាក់វ៉ាក់សាំងការពារនោះទេ ដោយសាររបួសស្រាលដែរ រហូតដល់១៦ថ្ងៃ ទើបចាប់ផ្តើមធ្វើទុក្ខ គឺចាប់ពីថ្ងៃទី២៦ ខែឧសភា គាត់មានអការក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ហូបអីអត់បាន ហើយក្រុមគ្រួសារ ក៏ដឹកទៅកាន់មន្ទីពេទ្យបង្អែកស្វាយទាប ដើម្បីពិនិត្យព្យាបាល ។
ប្រភពដដែលបន្តទៀតថា ពេលនោះគ្រូពេទ្យបានពិនិត្យ និងដាក់សេរ៉ូមឲ្យ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែពេទ្យប្រាប់ឲ្យដឹកបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ លុះដឹកយកទៅដល់ ពេទ្យប្រាប់ថា ហួសពេលហើយមិនទទួល ក៏ដឹកមកដល់ផ្ទះវិញមួយយប់ គឺថ្ងៃទី២៨ ខែឧសភា ម៉ោង៨និង៣០នាទីយប់ក៏បានបាត់បង់ជីវិតទៅ ។
សូមបញ្ជាក់ផងដែរថា នេះជាករណីទី៤ហើយ ដែលមានជនរងគ្រោះស្លាប់ដោយសារសត្វឆ្កែសត្វឆ្មាខាំ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងឆាប់បញ្ជូនជនរងគ្រោះដែលត្រូវសត្វឆ្កែ ឬឆ្មាខាំទៅមន្ទីរពេទ្យភ្លាមៗតាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យ និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ឬចាក់វ៉ាក់សាំងការពារមេរោគដែលមានសត្វខាំកុំឲ្យមេរោគរាតត្បាតខ្លាំង គឺមិនគឺមិនអាចសង្គ្រោះបាននោះទេ ៕ យឹម សុថាន