ពលរដ្ឋតំបន់កាស្មៀរសង្ឃឹមថា នឹងទទួលបានភាពស្ងប់ស្ងាត់ ក្រោយប្រឈមមុខតានតឹងដាក់គ្នា តាំងពីខែកុម្ភៈមកទល់ពេលនេះ ។ ការបោះឆ្នោតនៅឥណ្ឌាក៏បានបញ្ចប់ ហើយនាយករដ្ឋមន្ត្រី ណារេនឌ្រា ម៉ូឌី ក៏បានជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីដឹកនាំឥណ្ឌាជាបន្តទៀត ។ ជាមួយគ្នានោះ មេដឹកនាំទាំងពីរឥណ្ឌា ប៉ាគីស្ថាន ក៏បានជួបពិភាក្សាតាមទូរស័ព្ទ លើបញ្ហាសំខាន់ៗក្នុងនោះមានតំបន់កាស្មៀរផងដែរ ។
នៅពេលនេះ មានការប៉ះទង្គិចគ្នាដោយអាវុធ បណ្តាលឲ្យជនស៊ីវិលម្នាក់បានស្លាប់ និងជាង៧០នាក់ទៀត រងរបួស កាលពីថ្ងៃទី២៩ ខែឧសភា ក្រោយពេលការប៉ះទង្គិចដោយអាវុធ របស់កងកម្លាំងរដ្ឋាភិបាល នៅទីតាំងដាច់ដោយឡែកពីរផ្សេងគ្នា ក្នុងតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ជាប់ជាមួយប៉ាគីស្ថាន ។
ការប៉ះទង្គិចគ្នានេះ បានកើតឡើង នៅតំបន់ Tazipora-Mohamoodpora ស្រុក Kulgam ចម្ងាយប្រហែល៧៨គីឡូម៉ែត្រ នាភាគខាងត្បូង នៃទីក្រុង Srinagar ។ នៅមុនពេលថ្ងៃរះ កងកម្លាំងយោធាបានទទួលព័ត៌មានពីក្រុមចារកម្មថា ពួកឧទ្ទាមមានសំងំលាក់ខ្លួន នៅក្នុងតំបន់នោះ បន្ទាប់មកក៏មានការផ្ទុះអាវុធតែម្តង ។ អ្នកភូមិនៅក្នុងតំបន់នោះបាននាំគ្នា កាន់អាវុធបាញ់ប្រហារតបតជាមួយនឹងកងកម្លាំងរដ្ឋាភិបាល ទើបធ្វើឲ្យមានឱកាសល្អដល់ពួកឧទ្ទាមរំដោះខ្លួន រត់ចេញពីទីតាំង ដែលត្រូវឡោមព័ទ្ធដោយកងកម្លាំងទាហានឥណ្ឌា ។
សាក្សីឃើញហេតុការណ៍ បាននិយាយថា ក្រុមអ្នកភូមិទាំងនោះបានខឹងសម្បានឹងកងទ័ពរបស់រដ្ឋាភិបាល ហើយអ្នកខ្លះបាននាំគ្នាគប់ និងចោលដុំថ្ម ដុំឥដ្ឋ ដកា់ទៅលើប៉ូលិស និងទាហាន ។ ជាការឆ្លើយតបវិញនោះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងព្រមាន ដើម្បីបំបែកហ្វួងរបស់ពួកគេ ។
ជាមួយគ្នានេះដែរ មន្ត្រីក្រសួងសុខាភិបាលរបស់ឥណ្ឌា បានថ្លែងថា ក្រុមអ្នកភូមិប្រហែល៥០នាក់បានរងរបួស ហើយពួកគេត្រូវបានបញ្ជូនមកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ។
ស្របពេលមានការប៉ះទង្គិចគ្នា នៅតំបន់ Kulgam ខាងលើនោះ ក៏មានការប៉ះទង្គិចគ្នាមួយកន្លែងទៀត បានកើតឡើង នៅក្នុងភូមិ Pinjura នៅជាប់នឹងស្រុក Shopian ។ អ្នកភូមិបានរាំងផ្លូវដល់កងកម្លាំងរដ្ឋាភិបាល ដែលកំពុងប្រតិបត្តិការប្រឆាំងនឹងក្រុមឧទ្ទាម ។
ទោះជាយ៉ាងណា ក្នុងការប៉ះទង្គិចនោះ បានធ្វើឲ្យអ្នកស្រុកម្នាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួស ។ នេះបើតាមព័ត៌មានក្នុងស្រុកដែលបានផ្សាយ ។
ដោយឡែក សារព័ត៌មានស៊ីនហួ វិញ បានផ្សាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ ថា បច្ចុប្បន្ននេះ ការផ្ទុះអាវុធនៅតែកើតមាននៅឡើយ នៅទីតាំងខាងលើនេះ ។
គួរបញ្ជាក់ថា ឥណ្ឌាបានចូលគ្រប់គ្រងដែនដីកាស្មៀរ នៅក្នុងអំឡុងឆ្នាំ១៩៨៩ មកម៉្លេះ ។ ចាប់តាំងពីពេលនោះមក សង្គ្រាម និងការបះទង្គិច ដោយអាវុធ រវាងកងកម្លាំងឥណ្ឌា និងក្រុមឧទ្ទាមនៅតំបន់កាស្មៀរ ដែលទាមទារផ្តាច់ខ្លួននោះ តែងតែកើតមានឡើងឥតឈប់ឈរ ។ ពេលខ្លះ ការផ្ទុះអាវុធបានឆ្លងរាលដាលទៅដល់តំបន់ផ្សេង ដែលនៅជិតដែនដីកាស្មៀរ ។
ទឹកដីកាស្មៀរនេះ ក៏ជាព្រំដែនខណ្ឌចែកសីមា រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន តែភាគីនីមួយៗនៅតែទាមទារសិទ្ធិគ្រប់គ្រងដែនដីកាស្មៀរទាំងមូលរៀងៗខ្លួន ។ សង្គ្រាម រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះឡើង ចំនួន៣លើករួចមកហើយ ដោយសារតែតំបន់កាស្មៀរនេះ ក្រោយពីប្រទេសនេះទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស៕