អ៊ីរ៉ង់បានរក្សាគោលជំហរ របស់ខ្លួនដោយមិនចរចាអត់ប្រយោជន៍ ជាមួយអាមេរិកទៀតឡើយ ក្រោយថ្នាក់ដឹកនាំអាមេរិក ប្រែក្រឡាស់ ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ បានត្រៀមលក្ខណៈ យោធា និងអាវុធសម្រាប់ទប់ទល់អាមេរិក ។
ក្រោយពេល ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ផ្តល់សញ្ញាថា អ៊ីរ៉ង់ អាចនឹងរៀបចំជួបពិភាក្សាជាមួយអាមេរិក ប្រសិនបើរាល់ការដាក់ទណ្ឌកម្មត្រូវបានលុបចោល ។ នៅថ្ងៃទី៣០ ខែឧសភានេះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនពិភាក្សាជាមួយអាមេរិកជាដាច់ខាត ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ បានដកកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ហើយតាំងពីពេលនោះមក អាមេរិកបានដាក់គំនាបយ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ច អ៊ីរ៉ង់ ។ អាមេរិកបានបិទរាល់ការលក់ប្រេងទៅក្រៅប្រទេស ហើយប្រទេសដែលទិញប្រេងពីអ៊ីរ៉ង នឹងត្រូវទទួលរងទណ្ឌកម្មផងដែរ ។
កាលពីដើមសប្តាហ៍កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់អាចនឹងវិលត្រឡប់មកពិភាក្សា ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មី ។
ឆ្លើយតបទៅនឹងការប្រកាសរបស់លោក ត្រាំ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Khamenei បានបញ្ជាក់ថា «យើងធ្លាប់បានលើកឡើង នាពេលកន្លងមក ថា នឹងមិនមានកិច្ចពិភាក្សា ជាមួយអាមេរិកទៀតឡើយ ដោយកិច្ចពិភាក្សាមិនទទួលបានផលប្រយោជន៍អ្វីឡើយ មានតែបំផ្លាញបន្ថែមតែប៉ុណ្ណោះ» ។
សូមបញ្ជាក់ផងដែរថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺជាអ្នក សម្រេចរាល់គោលនយោបាយ ដែលមានវិវាទនៅក្នុងប្រទេស និងអន្តរជាតិ ។ មិនតែប៉ុណ្ណោះ លោកគឺជាមេទ័ពជាន់ខ្ពស់ របស់ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ។
កាលពីសប្តាហ៍កន្លងមក មន្ទីរបញ្ចកោណអាមេរិកបានប្រកាស បានបញ្ជូនកម្លាំងទាហាន៩០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា និងបន្ថែមបុគ្គលិក៦០០នាក់ទៀត អមដោយពាក្យសម្តីថា បង្កើនកម្លាំងការពារប្រឆាំងអ៊ីរ៉ង់នៅក្នុងតំបន់ ។
ការបញ្ជូនអាវុធ យន្តហោះទម្លាក់គ្រាប់ មីស៊ីល Patriot របស់អាមេរិកទៅកាន់តំបន់ជម្ឈិមបូព៌ា គឺដើម្បីការពាររាល់ការប៉ុនប៉ងវាយប្រហារពីទាហានអ៊ីរ៉ង់ ទៅលើទីតាំងអាមេរិកនៅតំបន់ជម្ឈិមបូព៌ា ។
អាមេរិកកាន់តែបារម្ភក្រោយពេលអ៊ីរ៉ង់ បានសាកល្បងអាវុធមីស៊ីលទំនើបបំផុតពីទីតាំងអាថ៍កំបាំងមួយ ។ កម្លាំងទាហានអ៊ីរ៉ង់បានត្រៀមលក្ខណៈ រួចជាស្រេចនៅក្នុងការទប់ទល់ និងវាយប្រហារទៅលើកម្លាំងទាហានអាមេរិក ប្រសិនបើរងការវាយប្រហារនោះ ។
រុស្ស៊ីក៏បានជួយដល់ប្រទេសអ៊ីរ៉ង់ផងដែរ ដោយបានផ្តល់ព័ត៌មានចារកិច្ច ក៏ដូចជាបញ្ជូនក្រុមអ្នកឯកទេស ស្តីពីយុទ្ធសាស្ត្រធ្វើសង្គ្រាម ។ អ៊ីរ៉ង់ បានស្នើ ដល់ រុស្ស៊ីឲ្យបញ្ជូនទាហានមកឈរជើងនៅអ៊ីរ៉ង់ តែរុស្ស៊ីមិនយល់ព្រមឡើយដោយគ្រាន់តែផ្តល់ប្រឹក្សាយោធាតែប៉ុណ្ណោះ ។
លើសពីនេះទៅទៀត អាមេរិកបានបញ្ជូន នាវាចម្បាំងជាច្រើន និងនាវាផ្ទុកយន្តហោះ ទៅកាន់តំបន់សមុទ្រជិត ប្រទេសអ៊ីរ៉ង់ ។ ប៉ុន្តែអ៊ីរ៉ង់បានប្រកាសថា នាវាផ្ទុកយន្តហោះ លែងជាការបារម្ភទៀតហើយ ដោយអ៊ីរ៉ង់អាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិកគ្រប់ពេល ។
អាមេរិកកាលពីពេលថ្មីៗ បានបង្កើនវត្តមានយោធារបស់ខ្លួន នៅមជ្ឈិមបូព៌ា ចំពេលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ ។ ក្នុងចំណោមវត្តមានយោធានេះ រួមមាននាវាផ្ទុកយន្តហោះ ដែលអាមេរិកបានបញ្ជូនទៅកាន់តំបន់ឈូងសមុទ្រពែក្ស ក្នុងបំណងរារាំងអ្វីដែលខ្លួនអះអាងថា ការគំរាមរបស់អ៊ីរ៉ង់ ។
ទោះជាយ៉ាងណា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម ឧត្តមសេនីយ៍ហូសេន សាឡាមី បានអះអាងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់លែងព្រួយបារម្ភអំពីនាវផ្ទុកយន្តហោះនេះទៀតហើយ ដោយសារតែអ៊ីរ៉ង់ឥឡូវមានមធ្យោបាយដើម្បីទប់ទល់ ។ យោងតាមលោក ហូសេន សាឡាមី អ៊ីរ៉ង់មានប្រព័ន្ធមួយដែលអាច«បង្វែរកាំជ្រួចផ្លោង»ទៅកាន់គោលដៅចល័តណាមួយ ដោយលោកបានហៅវាថាជា« អព្ភូតហេតុនៃបច្ចេកវិទ្យា »ដែលមានតែប្រទេសបីបួនដែលមាន ។
លោកថា «សេណារីយ៉ូនាវាផ្ទុកយន្តហោះចប់ហើយសម្រាប់យើង ។ សព្វថ្ងៃយើងជាមហាអំណាចមិនចេះចាញ់មួយ ដោយសារយើងធ្លាប់ផ្ចាញ់សេណារីយ៉ូរបស់សត្រូវទាំងអស់» ។
ការអួតអាងរបស់មេទ័ពអ៊ីរ៉ង់រូបនេះកើតឡើងចំពេលមេដឹកនាំជាន់ខ្ពស់របស់ខ្លួន លោក អាយ៉ាតុឡា អាលី ខាមេនី បាននិយាយកាលពីថ្ងៃពុធទី២៩ឧសភាថា អ៊ីរ៉ង់នឹងមិនចរចាជាមួយអាមេរិក ។ តែប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រៀមពិភាក្សាជាមួយអាមេរិកបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្ម និងឈប់ដាក់សម្ពាធលើអ៊ីរ៉ង់ ។
ក្នុងពេលជាមួយគ្នា លោកអាយ៉ាតុឡា អាលី ខាមេនីបាននិយាយថា«អ៊ីរ៉ង់មិនបានត្រៀមខ្លួនធ្វើការពិភាក្សាលើប្រធានបទខ្លះជាមួយប្រទេសផ្សេងៗទេ ដូចជាបញ្ហាស្នូលនៃបដិវត្តន៍ និងបញ្ហាយោធារបស់យើង…» ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងតាំងពីកាលពីឆ្នាំមុននៅពេលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ជាឯតោភាគី និងបានចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើសាធារណរដ្ឋអ៊ីស្លាមនេះ ៕