តំបន់មជ្ឈិមបូព៌ា ប្រឈមនឹងសង្គ្រាមរាប់សិបឆ្នាំកន្លងមក ហើយពេលនេះ ដល់ពេលដែលតំបន់នេះ ទទួលបាននូវសន្តិភាព ការស្ងប់ស្ងាត់ម្តងវិញ ដើម្បីឲ្យពលរដ្ឋតំបន់មជ្ឈិមបូព៌ារស់នៅបានក្តីសុខម្តង ក្រោយរងទុក្ខដោយសង្គ្រាម ជាច្រើនឆ្នាំមកន្លងមក ។
មិនថា ពលរដ្ឋនៅក្នុងតំបន់មិនចង់ឲ្យមានសង្គ្រាមនោះឡើយ សូម្បីតែពលរដ្ឋនៅជុំវិញពិភពលោក ក៏មិនចង់ឲ្យផ្ទុះសង្គ្រាមរវាងអាមេរិក នឹងអ៊ីរ៉ង់នោះដែរ សូម្បីតែអ៊ីស្រាអែល ក៏មិនចង់ ឃើញសង្គ្រាមរវាងអាមេរិក នឹងអ៊ីរ៉ងនោះទេ ។
ទោះបីជាពេលមុន អ៊ីស្រាអែលចង់ឲ្យមានការវាយប្រហារទៅលើអ៊ីរ៉ង់ក្តី នៅពេលនេះ អ៊ីស្រាអែលមិនចង់ឃើញអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ។ បើសង្គ្រាមផ្ទុះឡើង វានឹងទាញអ៊ីរ៉ង់ឲ្យចូលរួមដែរ ហើយក្រុមជីវពលហេបូឡា (Hezbollah) នៅប្រទេសលីបង់ ដែលជាកូនជឹងរបស់អ៊ីរ៉ង់នឹងចូលរួម ។
លោកនាយករដ្ឋមន្រ្តី អ៊ីស្រាអែល បានប្រាប់មន្រ្តីយោធាជាន់ខ្ពស់របស់ខ្លួនឲ្យធ្វើយ៉ាងណា កុំឲ្យអ៊ីស្រាអែលធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នានៅមជ្ឈិមបូព៌ា ហើយកុំឲ្យជ្រៀតជ្រែកដោយផ្ទាល់ទៅក្នុងបញ្ហានេះ ។
ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ី និងប្រទេសនៅអឺរ៉ុបផ្សេងនានា ដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏កំពុងដើរតួជាអាជ្ញាកណ្តាល ក្នុងការបញ្ចប់ការប្រឈមមុខដាក់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់ ។ អ្នកជំនាញនិយាយថា ប្រទេសនៅអឺរ៉ុបព្រួយបារម្ភខ្លាចក្រែងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ នឹងបង្កឲ្យមានជនភៀសខ្លួនរាប់លាននាក់ចូលទៅទ្វីបអឺរ៉ុបនោះ ។
នៅពេលនេះ អ៊ីរ៉ង់ ទោះបីមិនចង់ធ្វើសង្គ្រាមជាមួយអាមេរិក ក៏បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ទល់អាមេរិក ដោយអ៊ីរ៉ង់បានដឹងយ៉ាងច្បាស់ថា អាមេរិក និងមិនបោះបង់ គោលដៅបំផ្លាញអ៊ីរ៉ង់នោះឡើយ ។
ជាមួយគ្នានេះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសថា នឹងមិនពិភាក្សាជាមួយអាមេរិកទៀតឡើយ ក្រោយអាមេរិកបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ ដែលអ៊ីរ៉ង់ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កើតឡើង ក្រោយពេល អាមេរិកចោទប្រកាន់ ពួកឧទ្ទាម យេមែន ដែលជាសម្ពន្ធមិត្តអ៊ីរ៉ង់ត្រូវបានគេរកឃើញថា បានវាយប្រហារ បំពង់នាំប្រេងរបស់ ប្រទេសអារ៉ាប់ប៊ីសាអូឌីត និង បានប៉ុនប៉ងវាយទៅលើនាវាដឹកប្រេង តែព័ត៌មានចុងក្រោយបានឲ្យដឹងថា កប៉ាល់ដឹកប្រេងចំនួនបួនរបស់អារ៉ាប់ប៊ីសាអូឌីត ដែលជាប្រទេសនាំប្រេងលំដាប់កំពូលទៅឲ្យអាមេរិក ត្រូវបានបំផ្លាញ នៅលើឈូងសមុទ្រពែក្ស ។
ជាដដែលហើយដដែលទៀត លោកម៉ៃ ប៉ុមពីអូ រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក ក្រោយពីចាកចេញពីកិច្ចប្រជុំនឹងរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីលោក Sergei Lavrov លោកនៅតែបន្ដអះអាងថា បើសិនណាផលប្រយោជន៍អាមេរិកត្រូវបានវាយប្រហារយើងឆ្លើយតបបែបសមរម្យ និងច្បាស់លាស់បំផុតទៅកាន់ ប្រជាជាតិអ៊ីរ៉ង់ ។
បែបនេះក៏ដោយចុះ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani តាំងពីដំបូងឡើយ ក៏ដូចជាពេលនេះ នៅតែលើកឡើងថា គាត់នឹងមិនឱនក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកទេ ថែមទាំងព្រមានប្រកបដោយមោទនភាពថា អ៊ីរ៉ងអស្ចារ្យពេក ទើបត្រូវទទួលរងការបំភិតបំភ័យពីសំណាក់គេឯង បែបនេះលោកដាក់ជំនឿថា ព្រះនឹងនាំអ៊ីរ៉ង់ឆ្លងកាត់នូវស្ថានភាពព្យុះភ្លៀងនេះ ហើយនាំមកនូវភាពត្រចះត្រចង់ ឧត្តមឧត្តុង្គមិនខាន ថែមទាំងអាចបំបាក់សត្រូវបានទៀតផង ។
ជម្លោះតានតឹងសឹងតែរ៉ាំរ៉ៃរវាងទីក្រុងវ៉េស៊ីនតោន និង ទីក្រុងតេអេរ៉ង់ បានត្រឡប់មកវិញតាំងពីសប្ដាហ៍មុន ពោលនៅពេលអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា កំពុងត្រៀមវាយប្រហារផលប្រយោជន៍អាមេរិកនៅមជ្ឈិមបូព៌ា និងបាននិយាយថា ខ្លួនកំពុងបញ្ជូនយន្តហោះដឹកជញ្ជូន និងក្រុមការងាររបស់យន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ ។
ទាក់ទិនទៅនឹងសព្វាវុធទំនើបៗតាំងបញ្ឈរនៅមូលដ្ឋានសមុទ្រអន្ដរជាតិ ព័ត៌មានពី National Interest បានឲ្យដឹងថា អាមេរិកនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក F-22 និង B-52 លើទឹកដីអ៊ីស្រាអែល ។ អ៊ីស្រាអែលខ្លួនឯងផ្ទាល់ក៏បានត្រៀមរួចរាល់ជាមួយនឹងតបតប្រឆាំងតប បើស្ថានភាពសង្គ្រាមមកដល់ ។
គួរឲ្យដឹងថា ទន្ទឹមនឹង អាមេរិកត្រៀមបញ្ជូនទ័ព១២ម៉ឺននាក់នេះ គេត្រូវដឹងថា អ៊ីរ៉ង់មានយោធាសរុប ៩៣ម៉ឹន៤ពាន់នាក់ ទាហានសកម្ម ៤២០០០០ ទាហានជើងគោក ៣៥០០០០នាក់ ទ័ពអាកាស ៣៧០០០ ទ័ពជើងទឹក ១៨០០០នាក់ ជាមួយនឹងយន្ដហោះចម្បាំងប្រមាណ ៥៧៥គ្រឿង មានរថក្រោះ ១៦៥០ កាំភ្លើងធំជាង២០០០ដើម ។
គួរកត់សម្គាល់ថា ខណៈអាមេរិកកំពុងត្រៀមលុកលុយរបប ម៉ាឌូរ៉ូ នៅវេណេហ្សូអេឡា ស្រាប់តែអ៊ីរ៉ង់ គម្រាមអាមេរិកថា នៅបន្ដចម្រាញ់សារធាតុអ៊ុយរ៉ានីញូមដើម្បីផលិតអាវុធនុយក្លេអ៊ែរ ទោះបីជាមានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរក៏ដោយ តែកិច្ចព្រមព្រៀងនេះ អាមេរិកបានដើរចេញក្នុងឆ្នាំ២០១៨ ព្រោះមិនអាចទទួលយកបានការណ៍ដែលអ៊ីរ៉ង់នៅបន្ដលួចលាក់បំពានលើកិច្ចព្រមព្រៀងអ៊ីរ៉ង់ និង P5 លើកម្មវិធីអាវុធនុយក្លេអ៊ែរ៕