ខេត្តសៀមរាប៖ ក្រុមហ៊ុន១ដែលផលិតនំក្មេងផ្តាច់មុខនៅភ្នំពេញ បានប្ដឹងសមត្ថកិច្ច ឲ្យចុះឆែកឆេរ ឃ្លាំងស្តុកទំនិញចំនួន២ល្វែង ក្នុងបុរីសៀង ណាំ រហូតឈានដល់បិទឃ្លាំង និងឃាត់ខ្លួនម្ចាស់ទីតាំងយកទៅសួរនាំ ។ ហេតុការណ៍ នេះធ្វើឡើងចាប់ពីវេលាម៉ោង១១ និង០០នាទីរហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណក្នុងផ្សារបុរីសៀងណាំ១ ក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
យោងតាមប្រភពបានឲ្យដឹងថា ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំ កូនក្មេង ផ្តាច់មុខនៅភ្នំពេញ ដែលបានចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះរួមមាន កម្លាំងនគរបាល សេដ្ឋកិច្ច មកពីក្រសួង ,កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប, មន្ត្រីកាំកុងត្រូល, កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួល ដោយលោកថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ រកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចក្លែងបន្លំម៉ាកយកមកលក់ពេញទីខេត្តសៀមរាប ។
ប្រភពបានទម្លាយថាប្រតិបត្តិការនេះមានការនាំខ្លួនម្ចាស់ទីតាំង យកទៅសាកសួរនៅស្នងការខេត្ត និងបិទឃ្លាំងទាំង២ល្វែង មានលេខ ១១៥ និង ១១២ ផ្លូវលេខ ១២ជាបណ្ដោះអាសន្នផងដែរ ។ ម្ចាស់ទីតាំងទាំង២ល្វែងនោះមាន៖ (ប្តី)ឈ្មោះ ជុក ឆៃ អាយុ៤៨ឆ្នាំ និង ប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុប្រហែលជាង៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ ក្រោយពីបានចុះឆែកឆេរ រកឃើញភ័ស្តុតាង រួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធិបញ្ញា ។
ជុំវិញករណីនេះ អង្គភាព នៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីក្រុមមន្ត្រីចុះទៅបង្ក្រាបទីតាំងខាងលើបាននៅឡើយទេ រហូតមកដល់ថ្ងៃនេះ ។
លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីហ្នឹងគឺបទល្មើសកម្មសិទ្ធិបញ្ញា ស្ថិតក្នុងការបន្តនីតិវិធី ៕ ប៊ុនរិទ្ធី