ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជាយ៉ាងក្ដៅគគុក ពីគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះស្រុកភ្នំក្រវាញ សហការចុះបត្តិ្របត្តិការបង្រ្កាបរថយន្តបាកុង ១គ្រឿង ផ្ទុកឈើអារឡាំងជ្រុងគ្មានលិខិតអនុញ្ញាត ដើម្បីអនុវត្តន៍បន្ត ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរកុងត្រូលមន្រ្តីបរិស្ថាន ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើ គឺអនុវត្តបង្រ្កាបនៅគ្រាដែលរថយន្តកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជាក់ស្ដែងចេញពីព្រៃ ហើយបាននាំយកមកផ្នែករដ្ឋបាលព្រៃឈើភ្លាមៗ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំវាស់វែងតាមនីតិវិធី ។
ដោយឡែក៖ ប្រភពពីមន្រ្តីជំនាញនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្រាប់ថា រថយន្តបាកុងដែលកម្លាំងចម្រុះទទួលបទបញ្ជាយ៉ាងក្ដៅគគុក ពីប្រធានគណៈបញ្ជាការឯកភាពខេត្តបង្រ្កាបខាងលើ មានផ្ទុកឈើអារឡាំងជ្រុងចំនួន ៦ដុំ ស្មើនឹងចំនួន ៦,១១៥ម៉ែត្រត្រីគុណ ជាប្រភេទឈើក្រៅលំដាប់ថ្នាក់(រាជកុល) ហើយបានធ្វើវាស់វែងតាមនីតិវិធី ដោយមានកំណត់ហេតុត្រឹមត្រូវចប់សព្វគ្រប់ ៕ បុឹម ពិន