ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បដិសេធច្រានចោលព័ត៌មានថា ជាអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្ដីជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តសៀមរាប បានធ្វើការបដិសេធ ច្រានចោល នូវព័ត៌មានលើកឡើងថា ករណីធ្វើអត្តឃាត (ចងក) របស់ជនរងគ្រោះ ឈ្មោះ សុខ វិច្ឆិកា អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាបថា ជាករណីឃាតកម្ម ដោយសង្ស័យមិនមែនជាករណីចងក ដែលបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១៨ និង២០នាទីរ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។

ជុំវិញព័ត៌មាន និងពាក្យចរចាមអារ៉ាមបែបនេះ នគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ឈ្មោះសុខ វិច្ឆិកា និងឈ្មោះ ប៉ាង សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាអនិកជនខ្មែរ រស់នៅប្រទេសកាណាដា ស្រឡាញ់រាប់អានគ្នា តាំងតែពីខែមេសា ឆ្នាំ២០១៨ មករហូតដល់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ អ្នកទាំង២ បានព្រមព្រៀង ភ្ញាប់ពាក្យ ដោយមានចាស់ទុំ ទាំងសងខាងចូលរួមដឹងឮ ។

ក្រោយមកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះប៉ាង សុផាណា បានត្រឡប់ទៅប្រទេសកាណាដាវិញ រហូតដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក៏ត្រូវត្រឡប់ មកប្រទេសកម្ពុជាវិញ ដើម្បីរៀបចំឯកសារ រៀបអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយជនរងគ្រោះ ។ ពេលមកដល់ អ្នកទាំង២នាក់ បានរស់នៅជាមួយគ្នាជាធម្មតា នៅក្នុងផ្ទះមួយខ្នង ស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានឈ្មោះ សុខ ស្រីនុច រស់នៅជាមួយដែរ លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ និង០០នាទីព្រឹក ក៏មានការប្រកែកគ្នា រឿងគ្រឿងសំអាងចំនួន១០ឈុត ដែលឈ្មោះ ប៉ាង សុផាន់ណា នាំមកពីប្រទេសកាណាដា យកមកឲ្យគូដណ្តឹងរបស់ខ្លួន ចែកគ្នាប្រើជាមួយឈ្មោះ សុខ ស្រីនុច ដែលត្រូវជាប្អូនជនរងគ្រោះ ។

តែដោយពេលនោះ ជនរងគ្រោះ បានរើសយកតែរបស់ល្អៗ ទើបឈ្មោះ ប៉ាង សុផាន់ណា ស្តីឲ្យថា អូនកុំធ្វើអីចឹងអី ទុកឲ្យស្រីណុច គាត់បានប្រើរបស់ល្អៗផង ពីព្រោះរូបគាត់ ពុំសូវមានរបស់របរប្រើប្រាស់ល្អនោះទេ! ស្រាប់តែពេលនោះជនរងគ្រោះ ក៏មានចិត្តខឹង គិតថា ឈ្មោះ ប៉ាង សុផាន់ណា ស្រឡាញ់ឈ្មោះ សុខ ស្រីនុច ដែលជាប្អូនរបស់ខ្លួនដែរ ។

ប្រភពបន្តថា នៅវេលាម៉ោង៩ និង៣០នាទីថ្ងៃដដែល ជនរងគ្រោះ និងឈ្មោះ ប៉ាង សុផាន់ណា ក៏បាននាំគ្នាជិះរថយន្ត មួយគ្រឿង ម៉ាកប្រ៊ូស ពណ៌ស ស្លាកលេខ ភ្នំពេញ ២AM-៧៥១៦ចេញទៅ គឺទៅរើសម៉ូដសំលៀកបំពាក់ដើម្បីថត ជារូបថត ដាក់តាំងមុខរោងការរបស់ខ្លួន(pre-wedding) និងបន្តទៅទិញអាវ និងស្រោមជើង ។ ប៉ុន្តែជនរងគ្រោះ នៅតែបន្តខឹងឈ្មោះ ប៉ាង សុផាន់ណា ដោយនិយាយសម្តីខ្លាំងៗ ។

ក្រោយមកឈ្មោះ ប៉ាង សុផាន់ណា បបួលជនរងគ្រោះ បានព្រមព្រៀងគ្នា ទៅលេងផ្ទះឪពុកម្តាយខាងជនរងគ្រោះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរៀបចំឯកសាររៀបការ ។ ដោយ ឈ្មោះ ប៉ាង សុផាន់ណាជាអ្នកបើកឡាន ពេលធ្វើដំណើរ ទៅដល់ខាងលិច ស្រុកពួក ប្រហែល៣០គីឡូម៉ែត្រ ជនរងគ្រោះ ក៏បានបើក វិដេអូហ្វេសប៊ុកឡាយ (Video Facebook live)ដែលខ្លួនបានឡាយ (live)កាលពីថ្ងៃទី២៨ ខែឧសភា ខណកំពុងជិះ ឡាន ជាមួយគ្នា ក៏ឃើញមានមនុស្សប្រុសម្នាក់ ខមិនចូល សួរនាំ ពាក់ពន្ធ័ រឿង ដើមទ្រូង (សុដន) របស់ជនរងគ្រោះ ពេលនោះ ឈ្មោះ ប៉ាង សុផាន់ ក៏មានចិត្តប្រចណ្ឌ ខឹងគូដណ្តឹងរបស់ខ្លួន រហូតដល់មានការប្រកែកគ្នា និងប្រតាយប្រតប់គ្នា ទៅវិញទៅមក ។

បន្ទាប់មកជនរងគ្រោះ បានចាប់ទាញចង្កូតរថយន្តបណ្តាលឲ្យរេចង្កូត ពេលនោះឈ្មោះ ប៉ាង សុផាន់ណា ក៏បានឈប់រថយន្ត ហើយខោកក្បាលជនរងគ្រោះ ដោយប្រើដៃខាងស្តាំ ចំក្បាលបួនដៃ ក្រោយមកជនរងគ្រោះ ក៏បានចុះពីលើរថយន្តចូលទៅក្នុងតូបទំនិញមួយ នៅក្បែរកន្លែងឈប់ឡាន ហើយឈ្មោះ ប៉ាង សុផាន់ណា ក៏បានចុះទៅនិយាយ សម្របសម្រួលគ្នា តែមិនត្រូវរ៉ូវ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានបើករថយន្តត្រឡប់មកចូលមកក្រុងសៀមរាបវិញ ពេលមកដល់ចំណុចបង្គោលគីឡូលេខ២០ក្រុងសៀមរាប ឈ្មោះ ប៉ាង សុផាន់ណា ក៏បានត្រឡប់ទៅយក ជនរងគ្រោះ តែទៅដល់តូបលក់អីវ៉ាន់ ហើយសាកសួរម្ចាស់តូប ទើបដឹងថា ជនរងគ្រោះ បានហៅឡានតាក់ស៊ី ជិះចូលទៅក្នុងក្រុងសៀមរាប វិញបាត់ហើយ ។

នៅវេលាម៉ោង១៧ និង១០នាទីថ្ងៃខែដដែល ចំណុចផ្ទះរបស់ឈ្មោះ ប៉ាង សុផាន់ណា ស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ សុខ ស្រីនុច បានឃើញជនរងគ្រោះ មកដល់ហើយដើរឡើងទៅលើផ្ទះ ជាន់ទី២ ប្រហែលកន្លះម៉ោងក្រោយមកឈ្មោះ ប៉ាង សុផាន់ណា ក៏មកដល់ផ្ទះដែរ ហើយអង្គុយក្នុងផ្ទះជាន់ខាងក្រោម ប្រហែលកន្លះម៉ោងក្រោយ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានដើរ ទៅលើផ្ទះជាន់ទី០២ ដើម្បីងូតទឹក តែបើកទ្វារមិនបាន ហើយក៏ព្យាយាមបើករហូតបើកទ្វារបាន ក៏បានឃើញ ជនរងគ្រោះ បានចងកជាប់នឹងចម្រឹងបង្អួត ហើយស្រែកឲ្យគេមកជួយ ។ ពេលនោះឈ្មោះ សុខ ស្រីនុច ក៏បានរត់ឡើងទៅមើល ក៏ឃើញ ឈ្មោះ ប៉ាង សុផាន់ណា កំពុងឱបជនរងគ្រោះ លើកឡើងលើ ហើយប្រាប់ឈ្មោះ សុខ ស្រីនុច ឲ្យជួយ យកខ្សែចេញពីករបស់ជនរងគ្រោះ ហើយដាក់ជនរងគ្រោះ ទម្រេត មកលើឥដ្ឋការ៉ូ ដើម្បីសង្គ្រោះ តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។

ក្រោយមក ឈ្មោះ សុខ ស្រីនុច ក៏បានចេញមកក្រៅផ្ទះ ហើយប្រាប់អ្នកជិតខាង ឲ្យមកជួយមើល និងរាយការណ៍ ទៅនគរបាល ដើម្បីឲ្យបានដឹង និងពិនិត្យលើសាកសព របស់ជនរងគ្រោះតែម្តង ។

បន្ទាប់ពីពិនិត្យសាកសពរួចរាល់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួន ឈ្មោះ
ប៉ាង សុផាន់ណា ជាបណ្តោះអាសន្ន ដើម្បីសាកសួរ ។

ស្នងការនគរបាលបានបន្តទៀតថា យោងតាមលទ្ធផល ការងារស្រាវជ្រាវបញ្ជាក់ របស់ក្រុមការងារចម្រុះ ដែលដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងយោងតាមការបំភ្លឺ ពីអ្នកពាក់ពន្ធ័ នគរបាលបានសន្និដ្ឋានថា ជនរងគ្រោះ ឈ្មោះសុខ វិច្ឆិកា ពិតជាបានធ្វើអត្តឃាត ដោយខ្លួនឯង ពិតប្រាកដមែន ៕ ប៊ុនរិទ្ធី


ចែករំលែក៖