ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍ រថយន្ត៣គ្រឿងបុកគ្នា ស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បើកបររថយន្ដកាមរីបាឡែន ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ កាលពីវេលាម៉ោង ២៣និង០០នាទី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុក បានប្រាប់ឲ្យដឹងថា មានរថយន្ដ ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8914 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅ ពីត្បូងទៅជើង បានឆ្លងផ្លូវទៅបុកនឹងរថយន្ដសាំយ៉ុង ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2AD-4921 បើករដោយបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បើកបរមានទិសដៅពីលិចទៅកើត ក្រោយពេលបុកគ្នារួច រថយន្ដសាំយ៉ុង វិលទៅបុកជាមួយរថយន្ដ ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3551 អ្នកបើកបរឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុ រស់នៅភូមិអង្គសង្កែ ឃុំពោធិរំចាក ស្រុកព្រៃកប្បាស ខេត្ដតាកែវ បើកបរទិសដៅពីកើតទៅលិច និងខូចខាតរថយន្ដ៣គ្រឿង ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ដកាមរីបាឡែន និងរថយន្ដសាំយ៉ុង ចុះរត់គេចខ្លួនបាត់អស់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖