ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារកំព្រា និងពិកាប្រមាណជិត៥០០នាក់មកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និងអង្គការគ្រួសារថ្មីទទួលបានការទស្សនាភាពយន្តរឿងបូននីប៊ែរ(Boonie Bear)ដោយឥតគិតថ្លៃ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរោងភាពយន្តលេជេនរួមសហការជាមួយនឹងក្រុមហ៊ុនចែកចាយរឿងវេសថេចមីឌាលីមីធីតក្នុងឱកាសអបអរនៃការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ។
ការចាក់បញ្ចាំងរឿងនេះ បានធ្វើឡើងនៅរោងភាពយន្តលេជេនសាខាស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា ២០១៩ ។ ក្រៅពីការបញ្ចាំងរឿងនេះរោងភាពយន្តលេជេនបានរៀបចំជាពោតលីងទឹកតែហ្វុសធី (Fuse Tea) ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡាកម្ពុជាក៏ដូចជាសម្ភារៈមួយចំនួនពីក្រុមហ៊ុនប្រព័ន្ធទូរសព្ទស្មាតជូនដល់ប្អូនៗកុមារកំព្រា និងប្អូនៗពិការទាំងអស់ផងដែរ ។
ការបញ្ជាំងរឿងសប្បុរសធម៌នេះគឺតែងតែធ្វើឡើងជាញឹកញាប់ដោយរោងភាពយន្តលេជេនសង្ឃឹមថានេះជាការចូលរួមចំណែកដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា ។ នេះបើតាមការលើកឡើងរបស់លោក ព្រំ បញ្ញាវ័ន្ត អ្នកគ្រប់គ្រងទីផ្សាររោងភាពយន្តលេជេន ។ លោកបញ្ជាក់ថា នេះគឺជាសកម្មភាពជួយសង្គម ក្រៅតែពីការជួយលើកកម្ពស់វិស័យភាពយន្តខ្មែរផងដែរ ។ លោកថាសកម្មភាពសង្គមស្រដៀងគ្នានេះត្រូវបានរោងភាពយន្តរៀបចំឡើយយ៉ាងតិច៣ដងក្នុងមួយឆ្នាំ ហើយថ្ងៃទិវាកុមារអន្តរជាតិឆ្នាំនេះជាលើកទី៨ហើយដែលយើងរៀបចំធ្វើធំជាងថ្ងៃធម្មតា ។
លោកថាគ្រាន់តែឃើញសកម្មភាពរីករាយរបស់កុមារដែលបានមកដល់រោងភាពយន្តផ្ទាល់គឺក៏ដឹងថាអារម្មណ៍របស់ពួកគាត់រំភើបប៉ុណ្ណា ខណៈដែលកុមារកំព្រាជាច្រើននៅមិនទាន់បានស្គាលការទស្សនាក្នុងរោងភាពយន្ត ។ ក្រៅពីការទស្សនាក៏មានការផ្តល់ជូននូវអាហាភេសជ្ជៈសម្រាប់ការទទួលទានផងដែរ ហើយរោងភាពយន្តនឹងបន្តសកម្មភាពនៃការរៀបចំសម្រាប់កុមារដូចគ្នានេះនៅឆ្នាំបន្តទៀតផងដែរ៕ វឌ្ឍនា