ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនខណៈពួកគេកំពុងនាំគ្នាប្តូខោអាវបន្លំធ្វើជាសង្ឃ ពិតជាមិនខ្លាចបាបមែន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង០០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់១-ឈ្មោះ រិទ្ឋិ ភូច ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( គ្មានសារធាតុញៀន ) ។ ២-ឈ្មោះ ជន ឈិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ( គ្មានសារធាតុញៀន ) ។ ៣-ឈ្មោះ នៅ ដាំង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ( គ្មានសារធាតុញៀន ) ។
សម្ភារដកហូត ៖ ស្បង់ជីវរចំនួន ២សម្រាប់ (បាត ១គូ ឆត្រ ១គូ ស្បង់ជីវ ២កំប្លេ ) ម៉ូតូសណ្តោងរឺម៉ក ១ ( ម៉ូតូម៉ាកស៊ីរូស ស៊េរីចាស់ ពណ៌ស គ្មានស្លាកលេខ ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា មុន នឹងឃាត់ខ្លួនដោយសារតែពួកគេបានស្លៀកដន្តប់បែបព្រះពុទ្ឋសាសនា ដើម្បីបន្លំធ្វើជាសង្ឃដើរបោកប្រជាពលរដ្ឋ ។
ក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យទាំង ០៣នាក់ កំពុងឈរប្តូរខោអាវ ភ្លាមនោះសមត្ថកិច្ចយើងក៏ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជន សង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕ តុង សីហា