ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុករ៉ឺម៉កអេតចាយ​ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធ​ រងរបួស​

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់​បើករថយន្តលឿន​ បានរេចង្កូត ទៅបុកកន្ទុយរ៉ឺម៉កដឹកអេតចាយ ខ្ទាតទៅកល់ជាប់​ពំនូក​ដីមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធ កំពុងរើសអេតចាយ រងរបួសស្រាលទាំងពីរនាក់​ ចំណែករថយន្តធ្លាក់កាងខាងមុខ​ ហុយផ្សែង​ទ្រលោម​ សំណាងល្អម្ចាស់កាច់សោរពន្លត់ទាន់​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ ចុះមកពិនិត្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងកាលពីម៉ោង រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​០៣​ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចខាងមុខអាជ្ញាធរទន្លេសាប (មុខផ្ទះលក់ចាប់ហួយជាប់ហាងនំចាក់អង្រែ) លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ​ ២នាក់ប្ដីប្រពន្ធ ជាអ្នករើសអេតចាយ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ ដើររើសសំបកដប​ និងកំប៉ុងអេតចាយ​ ដែលបោះចោលតាមផ្លូវ​ និងនៅតាមគំនរសំរាម​តាមបណ្ដោយផ្លូវជាតិលេខ២ ។ ដោយប្ដីជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក​ ប្រពន្ធជាអ្នករើស​ ខណៈមកដល់ចំណុចកើតហេតុ​បានឈប់រ៉ឺម៉ក​ ចុះទៅរើសសំបកកំប៉ុងអេតចាយ​ក្នុងគំនរសំរាម​ ដោយមិនដឹងខ្លួន ។

ស្រាប់តែមានរថយន្តមួយគ្រឿង​ ម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AD-9944 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា បានរេចង្កូតទៅបុកកន្ទុយរ៉ឺម៉កដឹកអេតចាយ ខ្ទាតជិត១០ម៉ែត្រ​ ទៅកល់ជាប់​ពំនូក​ដី នៅមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យពីរនាក់ប្ដីប្រពន្ធ កំពុងរើសអេតចាយ រងរបួសស្រាលទាំងពីរនាក់​ ចំណែករថយន្តបធ្លាក់កាងខាងមុខ​ ។

បន្តិចក្រោយមកគេឃើញរថយន្តហុយផ្សែង​ទ្រលោម​ ទើបនាំគ្នាស្រែកឆោឡោ តែសំណាងល្អ​ ម្ចាស់រថយន្តស្ទុះរត់ឡើងរថយន្តកាច់សោរពន្លត់ទាន់​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ និងអ្នកដំណើរតាមផ្លូវ​ រាយការណ៍​ប្រាប់កម្លាំងល្បាត​ប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកពិនិត្យ ។

បន្ទាប់ពីឃើញសមត្ថកិច្ចចុះមកដល់​ ម្ចាស់រថយន្តបង្ក​បានប្រញាប់ប្រញាល់​ និយាយលួងលោម​ ប្ដីប្រពន្ធ​២នាក់ដែលរបួសនោះ​ ដោយបង្ខំផង​ លន់តួរ​ផង​ និងអះអាងថាទើបចេញពីខារ៉ាអូខេ​ អស់លុយហើយ​ រួចដកលុយ១០ដុល្លារ​ចេញពីកាបូប​ មកសំពះសុំទោស​ថែមទៀត​ ទើបធ្វើឲ្យ២នាក់ប្ដីប្រពន្ធ​ ទន់ចិត្ត​ និងមិនចង់វែងឆ្ងាយ​ ហើយរងរបួសស្រាល​ តែបុរសជាប្ដីនៅចុកចុងដង្ហើមទៀត​ មិនដឹងធ្វើយ៉ាងម៉េច​ គេសងប៉ុណ្ណឹង​ ក៏ព្រមទទួលយកដើម្បីបញ្ចប់រឿង​ និងទុកទិញថ្នាំលេប​ ៕ ​ជ្រោយពេជ្រ


ចែករំលែក៖