ខេត្តកណ្ដាល៖ យុវជនម្នាក់ បានយកកាបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់ទៀត ចំក្បាលពីក្រោយ បណ្ដាលឲ្យហូរឈាមជោគជាំ រងរបួសយ៉ាងទម្ងន់ ព្រោះខឹងយុវជនរងគ្រោះខ្ចីមេមម៉ូរីទូរស័ព្ទ ពុំទាន់ប្រគល់មកឲ្យខ្លួនវិញ ។ ករណីហិង្សាដោយចេតនានេះ បានកើតឡើង នៅវេលា១២និង៣០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចន ភ័ត្រា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ ឃ្លាំង ថា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយលេងនៅក្នុងរោងចំការរបស់ឈ្មោះ បុល ណារិន ភេទប្រុស អាយុ២៣ឆ្នាំ លុះអង្គុយបានមួយសន្ទុះ ស្រាប់តែជនសង្ស័យបានដើរមកអង្គុយលេងដែរ ភ្លាមនោះជនសង្ស័យបានសួរទៅជនរងគ្រោះថា ឯងខ្ចីមេមម៉ូរីរបស់អញ ឥឡូវយកមកអោយអញវិញភ្លាម រួចបានធ្វើឲ្យមានការជជែកទាក់ពាក្យសំដីគ្នា រហូតធ្វើឲ្យជនសង្ស័យឈ្មោះ ចន ភ័ត្រា ទ្រាំពុំបាន ក៏ទាញកាំបិតប៉័ងតោ កាប់ទីលើជនរងគ្រោះឈ្មោះ ឃ្លាំង ថា ពីក្រោយចំក្បាល បណ្តាលឲ្យមានស្នាមមុតហូរឈាមស្រោចពេញខ្លួនន រួចជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវ បានក្រុមគ្រួសារបញ្ជូនទៅមន្ទើរពេទ្យឃុំតាលន់ ដើម្បីព្យាបាល ។
ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍តាលន់ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏មកធ្វើការពិនិត្យស្លាកស្នាមជនរងគ្រោះ រួចកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យខាងលើ មកចាត់ការតាមច្បាប់ ៕ ស្អាងជ័យ