ព័ត៌មានទាន់ហេតុការណ៍៖

លាក់សំរាមទុកមែនទេ! ហេតុអ្វីបានជាមន្រ្ដីពាក់ព័ន្ធឆ្លើយដាក់គ្នា ពេលឃើញសំរាមគរដូចភ្នំ ក្បែរផ្សារសាមគ្គី

ចែករំលែក៖

ខេត្តសៀមរាប៖ប្រជាពលរដ្ន និងមន្ដ្រីរាជការបានរិះគន់យ៉ាងខ្លាំងទៅលើអ្នកម្ចាស់ផ្សារសាមគ្គី និងអាជ្ញាធរដែលបណ្ដាយឲ្យអាជីវករ យកសំរាមទៅចោលក្នុងដីឡូត៍ មួយកន្លែងទល់មុខសណ្ឋាគារ បុរីអង្គរ ស្ថិតក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាបខាងលិច ផ្សារសាមគ្គី តាមផ្លូវចូលសណ្ឋាគារលីន រតនៈអង្គរ យ៉ាងអនាធិបតេយ្យបំផុតធ្វើសំរាមទាំងនោះ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃស្ទើរក្លាយទៅជាភ្នំសំរាម តែមិនទាន់មានអាជ្ញារធរពាក់ព័ន្ធសម្អាតនោះឡើយ លុះបានការចុះផ្សាយ បែរជាមន្រ្ដីពាក់ព័ន្ធបានត្រឹមតែឆ្លើយរុញដាក់គ្នា ទៅវិញ ទៅមក ។

ប្រជាពលរដ្ឋមូលដ្ឋានបានប្រាប់អ្នកសារព័ត៌មានថា សំរាមទាំងនេះកើនឡើងយ៉ាងខ្លាំងរាល់ថ្ងៃ គរជាគំនរដ៏ធំគួរឲ្យព្រួយបារម្ភបំផុត ដោយសារតែពុំមានការហាមឃាត់ពីមន្ត្រី ធ្វើឲ្យជះក្លិនពុល ប៉ះពាលសុខភាពជីទីបំផុត ។

សាលាសង្កាត់ស្លរក្រាម ឆ្លើយថា មិនដឹងដោយសារបាំង និងរបងថ្ម ទើបខាងមន្ត្រីភូមិ និងសង្កាត់មិនអាចដឹង តែលោកកំពុងតែចាត់វិធានការ បន្ទាន់ហើយជាមួយសាលាក្រុងសៀមរាប ក៏ដូចជាមន្ទីរបរិស្ថានខេត្តសៀមរាប ដោយការដាក់កម្លាំងសង្កេតមើលអ្នកដែលតែងតែចោលសំរាមទាំងនោះ គឺកម្លាំងប្រជាការពារ និងម្ចាស់ផ្សារសាមគ្គីបានសហការគ្នា ដើម្បីដោះស្រាយ ។

លោក ម៉េង ទ្រី អភិបាលរងក្រុងសៀមរាបបានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងសោះថា សំរាមនៅចំកណ្ដាលទីក្រុង បែរជាច្រើនដល់ថ្នាក់នេះ លោកក៏បានចាត់វិធានការ ដោយសហការជាមួយមន្ត្រី ភូមិស្លរក្រាម និងលោកចៅសង្កាត់ស្លរក្រាមឲ្យធ្វើយ៉ាងឆាប់ដោះស្រាយបញ្ហាខាងលើឲ្យបានល្អហើយ! លោកថា នឹងប្រជុំពិភាក្សាជាមួយ ម្ចាស់ផ្សាររួមគ្នាដោះស្រាយកុំឲ្យមានការចោលបែបនេះទៀត ។

ចំណែកម្ចាស់ផ្សារសាមគ្គីវិញ ក៏បានប្រាប់ថា លោកគាំទ្រជានិច្ចចំពោះចំណាត់ការភូមិ សង្កាត់ និងក្រុងដើម្បីដោះស្រាយ ។ លោកក៏សុំទោសផងដែរ ចំពោះបញ្ហាខាងលើ លោកពិតជាមិនបានដឹងថា មានការចោលសំរាមបែបនេះ ។ លោកបានបន្ថែមថា ផ្សារមានទីតាំងចោលសំរាមនៅខាងក្រោយផ្សារស្រាប់ តែបែរជាមិនអាចគ្រប់គ្រងបានទៅវិញ លោកមិនដឹងថា អ្នកណាអ្នកចោលសំរាមទេ ។ តែក្រោយពេលខាងភូមិ និងសង្កាត់ចុះមកដល់ប្រាប់ទើបទៅមើលទីតាំងនោះ ឃើញថាពិតជាមានសំរាមច្រើនពិតមែន ។

បច្ចុប្បន្នផ្សារសហការជាមួយកម្លាំងភូមិ និងសង្កាត់ដើម្បីដោះស្រាយ និងផាក់ពិន័យជនណាដែលចោលសំរាមនៅចំណុចខាងលើ ៕ ប៊ុនរិទ្ធី


ចែករំលែក៖