ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកមនុស្ស៤នាក់ទៀត រងរបួសធ្ងន់២នាក់ ស្រាល២នាក់ ដោយឡែកស្ត្រីម្នាក់ជួបសំណាងល្អ មិនមានរងរបួសឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងម៉ូតូ២គ្រឿងបើកបុកគ្នា ខណៈដែលមានមួយគ្រឿងកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ មុខសាលាកងអាវុធហត្ថ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ ផាត សុភក្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។
នគរបាលបន្តទៀតថា ភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-9765 ជិះគ្នា៥នាក់ ដោយបើកបរដោយជនរងគ្រោះ ផាត សុភក្តិ រួមដំណើរដោយឈ្មោះ សេង ហុង ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាបង ប្រពន្ធឈ្មោះ អ៊ុល ធឿន អាយុ៤១ឆ្នាំ និងកូនប្រុស២នាក់ទៀត ។ ចំណែកភាគីម៉ូតូ ម៉ាកនិច ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ចាម 1T-2904 ជិះម្នាក់ឯង រងរបួសធ្ងន់ ស្លប់ឈឹងនៅកន្លែង ។
មុនពេលកើតហេតុ ភាគីម៉ូតូវ៉េវ ជិះចេញពីកន្លែងធ្វើការក្បែរនោះ ជិះឌុបគ្នារហូតដល់ទៅ៥នាក់ បើកឆ្លងផ្លូវ ពីជើងទៅត្បូង បត់ឆ្ពោះទៅកើត ស្របពេលនោះ ស្រាប់តែ ភាគីម៉ូតូនិច បើកល្បឿនលឿន ពីកើតទៅលិច គេចមិនទាន់ជ្រុលទៅបុកកង់មុខម៉ូតូវ៉េវ បណ្តាលឲ្យរងរបួស ស្លាប់ម្នាក់ពេលដែលរថយន្តដឹកយកទៅតាមផ្លូវ ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ហើយមានតែស្ត្រីម្នាក់ទេដែលមិនមានរងរបួស ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ទាំងសព ត្រូវបានរថយន្តគ្លីនិក សុធា រិទ្ធ បែកចានដឹកយកទៅ ។ រីឯសាកសព សមត្ថកិច្ចទៅពិនិត្យដល់គ្លីនិក រួចប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែក ម៉ូតូទាំង២គ្រឿង ជំនាញវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ