ព័ត៌មានទាន់ហេតុការណ៍៖

លើកដែកទីបប៉ះខ្សែកាបភ្លើង ផ្ទុះឆក់ រងរបួសធ្ងន់ម្នាក់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករជាងបាញ់ថ្នាំ៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលធ្វេសប្រហែស លើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងផ្ទុះឆក់ ឆេះរលាកពេញខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានសំណង់ចិនមួយកន្លែង ក្រុម១៤ តាមផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងបាញ់ បៀកថ្នាំ ទើបមកធ្វើការបាន៥ថ្ងៃហើយ មានទីលំនៅ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាសំណង់ខាងលើជាសំណង់ចិន សាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះ លើកដែកទីបយកឡើងទៅលើចាប់រន្ទា បែជាប៉ះចំនឹងខ្សែកាប ទើបបណ្តាលឲ្យឆ្លងឆក់គ្នាកម្មករចំនួន៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់ ។

ជនរងគ្រោះ ក្រោយកើតហេតុត្រូវបាន កម្មករ ប្រជាពលរដ្ឋជួយលើកជនរងគ្រោះរបួសធ្ងន់ម្នាក់ដាក់ចុះ ដឹកតាមម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត ។

តាមប្រជាពលរដ្ឋបានលើកឡើងថា សំណង់ជនជាតិចិនខាងលើ មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ សំណង់សង់គៀកជាប់នឹងខ្សែកាបភ្លើង ដែលបង្កហារនិភ័យច្រើន ប្រឈមគ្រោះថ្នាក់ ៕ សុខាសែនជ័យ​


ចែករំលែក៖