ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១១ខ្នង ក្នុង ស្រុកចំនួន២ ត្រូវបានភ្លៀង លាយឡំខ្យល់កន្ត្រាក់ បោកបក់បណ្ដាលឲ្យដួលរលំទាំងស្រុង និងរបើកដំបូល ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ស្ថិតក្នុង ឃុំញរ ស្រុកកំពង់រោទ៍ និង ឃុំកណ្ដៀងរាយ ស្រុកស្វាយរៀង ។
យោងតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងភូមិញរ ឃុំញរ ស្រុកកំពង់រោទិ៍ មានភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះមួយខ្នងមានទំហំ ទទឹង៣,៥០ម៉ែត្រ បណ្តោយ៤,៥០ម៉ែត្រ សង់អំពីដើមប្រេងខ្យល់ ដំបូលសង្ក័សី ជញ្ជាំងសង្ក័សី ខូចខាតទាំងស្រុង ។
ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមានទូរទស្សន៍១គ្រឿង ចានឆ្នាំងមួយចំនួន និងរបស់របបមួយចំនួនទៀត ។
ប្រភពបន្តថា ចំណែកឯនៅ ស្រុកស្វាយទាប ថ្ងៃទី ២ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ក៏មានករណីខ្យល់ន្ត្រាក់រលំផ្ទះទាំងស្រុង ចំនួនមួយខ្នងមានម្ចាស់ផ្ទះឈ្មោះ វែន សារ៉េត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ចំណែកផ្ទះបើងដំបូល សរុបមាន៩ខ្នងមានម្ចាស់៖ ឈ្មោះ ប៊ុត ចាន់ដារ៉ា ភេទស្រី៣៤ឆ្នាំ, ឈ្មោះ មាស សុផារី ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ មាស សាវុទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ ទាំងបីគ្រួសារខាងលើ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ។
ម្ចាស់ផ្ទះឈ្មោះ កូ អ៊ុន ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិក្បាលថ្នល់, ឈ្មោះ មុំចាន់រ៉ួន ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ អ៊ួងចាន់ថុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលថ្នល់, ឈ្មោះ ណំ សាស្ពង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិក្បាលថ្នល់, ឈ្មោះ មុំ សុផា ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិក្បាល់ថ្នល់ និង ឈ្មោះ ខៀវ ដារ៉ារិទ្ធិ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្រសូតិទី2 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ករណីភ្លៀងខ្យល់កន្ត្រាក់នេះ មិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជិវិត សត្វនោះទេ គ្រាន់តែខូចខាតផ្ទះ និងរបើកដំបូល និងសម្ភារប្រើប្រាស់ប៉ុណ្ណោះ ៕ យឹម សុថាន