ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ ខណៈបណ្ដើរម៉ូតូអស់សាំងពេលយប់ ត្រូវម៉ូតូជិះមកពីក្រោយ បុករងរបួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូអស់សាំងពីក្រោយ ពេញទំហឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៥នាទីយប់ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រ លេខ១២៧ និង១២៨ ស្ថិតក្នុងភូមិ ថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បុរសដែលបណ្ដើរម៉ូតូអស់សាំងរងគ្រោះមានឈ្មោះ ភេន រុណមករា អាយុ ២៣ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង រស់នៅភូមិតាជោរ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

ចំណែកភាគីម្ខាងទៀតមាន ឈ្មោះ សូ វៀន អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ ១២៥ (២០១៤) ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១B ៥០០៩ ខូចខាតយ៉ាងដំណំ ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញមានបុរសរងគ្រោះបណ្ដើរម៉ូតូពីលិចទៅកើត លើផ្លូវជាតិលេខ១ ដោយស្ថានភាពយប់ងងឹតផង ស្រាប់តែមានម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងព្រមទាំងអូសមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖