ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្សយ័ដែលសម្លាប់ក្មេង២នាក់ នៅជិតវត្តអូរត្រេះក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ រួមនឹងស្ត្រីជាប្រពន្ធ បានបញ្ជូនមកដល់ខេត្តព្រះសីហនុ ហើយនៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ។
យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ ជាឃាតក ឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ប្រាប់នគរបាលថា មូលហេតុដែលបណ្ដាលឲ្យរូបគេសម្លាប់ក្មេងទាំងពីរនាក់នោះ មកពីគេស្រវឹងស្រា ហើយនិងគ្រឿងញៀន ។
ជនសង្ស័យសារភាពបន្តថា មុនពេលកើតហេតុ រូបគេបានទៅទិញគ្រឿងញៀនពីបុរសម្នាក់ នៅឆ្នេរអូឈើទាល បន្ទាប់មក រូបគេក៏ទៅទិញស្រាថ្នាំ យកមកអង្គុយផឹកក្នុងបន្ទប់ជួល ក្រោយមក រូបគេក៏ចេញពីក្នុងបន្ទប់ដើរមកកាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះហើយឃើញក្មេងស្រីនោះកំពុងតែលេងម្នាក់ឯង រូបគេក៏ចូលទៅប្រឡែងលេងជាមួយ បន្ទាប់មកធ្វើឲ្យរូបគេមានអារម្មណ៍ផ្លូវភេទជាមួយក្មេងស្រីនោះ រូបគេក៏យកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះរហូតដល់សន្លប់បាត់ស្មារតី ។ បន្ទាប់មកប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដើរចូលមកដល់ ដោយខ្លាចបែកការណ៍រូបគេ ក៏ស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ និងទាត់ធាក់ក្មេងប្រុសរងគ្រោះទៅផ្ទប់នឹងជញ្ជាំងបណ្ដាលឲ្យក្មេងប្រុសនោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។
ក្រោយសម្លាប់រួច រូបគេក៏រត់មកផ្ទះជួលវិញ ហើយបបួលប្រពន្ធរបស់គេ រត់ទៅលាក់ខ្លួននៅស្រុកកំណើត រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ។
ករណីនេះ នគរបាលកំពុងសាកសួរបន្ថែម និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ