ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង បុកកិនលើម៉ូតូ រួចជ្រុលបុកចូលការដ្ឋានសំណង់មួយកន្លែង ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឲ្យជនរគ្រោះម្នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបុកកិនលើម៉ូតូមួយគ្រឿងរួចជ្រុលបុកចូលការដ្ឋានសំណង់មួយកន្លែងនៅតាមផ្លូវបេតុងចុះពីសង្កាត់លេខ១ មករោងចក្រ័អូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោង ៨យប់ថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតគឺជាគ្រូបង្រៀន នៅសាលាបឋមសិក្សាហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ។

របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា សុីវ៉ាន់ ភេទប្រុស មានមុខរបរជាគ្រូបង្រៀន ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន SCG ដែលមានការអះអាងថា ដាច់ហ្រ្វាំងពេលចុះផ្លូវចំណោត បានបុកសង្កត់ពីលើជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់គៀបជាប់នៅពីក្រោមរថយន្ត ។

យោងតាមអ្នកឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ថា ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាក សេ ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ តាមផ្លូវចំណោតនេះ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងនោះ បើកចុះចំណោតយ៉ាងលឿន រួចក៏បានបុកម៉ូតូជនរងគ្រោះពេញទំហឹង ហើយបានអូសទាំងជនរងគ្រោះ ទាំងម៉ូតូចូលក្នុងការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យរថយន្ត និងម៉ូតូខូច រីឯជនរងគ្រោះស្លាប់គៀបជាប់ខាងក្រោមរថយន្ត ។

ករណីនេះ សមត្ថកិច្ចកំពុងចាត់ការដោះស្រាយបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖