ភ្នំពេញ ៖ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញខាងកោសល្យវិច័យ បានបង្កើតគណៈកម្មការត្រួតពិនិត្យលើ សពបុរសជនជាតិកាណាដាម្នាក់ បន្ទាប់ពីពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ។
ករណីជនរបទេសដេកស្លាប់ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ ៤៣E1 ផ្លូវលេខ១៧២ ក្រុមទី១៩ ភូមិ៥សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពឈ្មោះ STRACHAN JASON ALAN LOCKHART ជនជាតិកាណាដា(CANADA) ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ HG155830 ស្នាក់នៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួល បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញបុរសរងគ្រោះ ជាជនជាតិកាណាដា តែងតែចេញចូលផ្ទះជួលរបស់គាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុនេះ ដោយសារតែមិនឃើញជនរងគ្រោះចេញចូលដូចសព្វដងនោះ ក៏គេអើតមើលនៅក្នុងបន្ទប់ ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ។
បើតាមសម្តីពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោយពីសភាពការណ៍ កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសព ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ សពស្លាប់ដោយសារគាំងបេះដូង (អាចបណ្ដាយមកពីជំងឺលើសឈាម) ។
ចំណែកសម្ភារសពរួមមានលិខិតឆ្លងដែនចំនួន០២ក្បាល(លិខិតឆ្លងដែនសញ្ជាតិកាណាដាលេខHG155830, សញ្ជាតិអៀរឡង់លេខ515525023 ) , ទូរស័ព្ទដៃសាំស៊ុងពណ៌ខ្មៅចំនួន០១គ្រឿង, នាឡិកាដៃចំនួន០១គ្រឿង, កាតធនាគារ(ATM) ចំនួន០៣សន្លឹក , អត្តសញ្ញាណប័ណ្ណ០១សន្លឹក, laptop ០១គ្រឿង , វ៉ាលិស និងខោអាវមួយចំនួន បានប្រគល់ឲ្យការិយាល័យអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រង ។
ក្រោយពី ពិនិត្យរួចខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមប្រពៃណី៕ស រស្មី