ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា លោកព្រាប សុវត្ថិ បានដឹកកូនប្រុសទាំង៣ និងភរិយាចេញទៅរកលុយបានក្រាស់ក្រែលពីការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក ។ មិនទាន់នឹងជាន់ទឹកដីកំណើតបានប៉ុន្មានថ្ងៃផង មានការលើកឡើងថាតារាចម្រៀងរូបនេះនឹងកូនៗគ្រោងបន្តចេញទៅកើបលុយបន្ថែមទៀតនៅប្រទេសអូស្ត្រាលី នៅខែក្រោយនេះហើយ ។
ព្រាប សុវត្ថិ និងកូនៗទាំង៣ បូករួមទាំងក្រុមភ្លេងលោកផង បានបំពេញបេសកកម្មសិល្បៈជាថ្មីទៀតដោយជោគជ័យនៅសហរដ្ឋអាមេរិក ក្រោយពីខកខានអស់ពេលប្រមាណ៦ឆ្នាំ ។ បានធ្វើដំណើរសម្ដែងទៅកាន់រដ្ឋ និងទីក្រុងរបស់អាមេរិក ប្រមាណមិនតិចជាង ២០ ទីក្រុងនោះទេដូចជា ទីក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និងរដ្ឋ ទីក្រុងធំៗជាច្រើនទៀត ដែលមានបងប្អូនខ្មែររស់នៅច្រើន ។ បេសកកម្មនេះ លោកថា ដើម្បីផ្ដល់ភាពសប្បាយរីករាយ ដល់បងប្អូនខ្មែរជាពិសេស នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាលពីកន្លងទៅថ្មីៗនេះ ។
តាមដំណឹងក្រៅផ្លូវការបានបញ្ជាក់ថាក្នុងរយៈពេលចេញទៅច្រៀងរាំនៅអាមេរិកនោះមានការគាំទ្រច្រើនសើសលប់ បើធៀបនឹងតារាចម្រៀងដទៃ ហើយពួកគេអាចរកចំណូលបានមិនក្រោម១០ម៉ឺនដុល្លារអាមេរិកទេ ពីការសម្តែងថ្ងៃចុងសប្តាហ៍រយៈពេល៣ខែមកនេះ ។ ក្រៅពីការចេញច្រៀងរាំពួកគេបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួននៃប្រទេសមហាអំណាចមួយនេះយ៉ាងសប្បាយរីករាយ មុនពេលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ខែឧសភានេះ ។ មានការបង្ហើបថាស្នាក់នៅលើទឹកដីកំណើតត្រឹមរយៈពេល១ខែប៉ុណ្ណោះ តារាចម្រៀងរូបនេះនឹងហោះទៅកាន់ទឹកដីនៃប្រទេសអូស្ត្រាលីនៅខែកក្កដាខាងមុខនេះ ខណៈដែលសំបុត្រចូលទស្សនា និងច្រៀងរាំត្រូវបានគេចាប់ផ្តើមដាក់លក់នៅតំបន់មួយចំនួនដែលមានប្រជាជនខ្មែររស់នៅច្រើនរួចស្រេចទៅហើយ ។
ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងនៅឡើយទេថាតើតារាចម្រៀងរូបនេះ និងកូនៗនឹងត្រូវចំណាយពេលយូប៉ុណ្ណាទេសម្រាប់ការចេញសម្តែងលើកក្រោយនេះ ។ ទោះជាយ៉ាងណាការសម្រេចចិត្តទទួលយកការច្រៀងរាំនៅក្រៅស្រុកនេះក៏ស្របពេលដែលការងារក្នុងស្រុកមិនមមាញឹកខ្លាំងដូចរដូវប្រាំងនោះដែរ ហើយពួកគេអាចឆ្លៀតពេលធ្វើដំណើរកម្សាន្តជួបជុំគ្រួសារផងដែរ៕ វឌ្ឍនា