ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីជប់លៀងមិត្តភក្តិ ប្រញ៉ាប់ទិញបាយឲ្យបងនៅផ្ទះ ជួបគ្រោះថ្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ ខណៈជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនទៅទិញបាយយកទៅឲ្យបងនៅផ្ទះ ដោយប្រញាប់ទៅជួបមិត្តភក្តិវិញ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រទឹកដោះគោ ស្ថិតនៅក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សម្បត្តិ ច័ន្ទបញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមសាក្សីថា ឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GV-6384 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ ដោយសារតែជនរងគ្រោះ គាត់ទើបចេញមកពីកម្មពិធីជប់លៀងមិត្តភក្តិ រួចក៏ទៅទិញបាយឆាយកទៅឲ្យបងប្រុសនៅឯផ្ទះ ជាអកុសល ជិះម៉ូតូលឿនមិនបានប្រយ័ត្ន រេចង្កូតជ្រុលទៅបុកឃឿន ពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាត អូសម៉ូតូជាង១០០ម៉ែត្រ ខូចខាតបាកដៃម៉ូតូខាងស្តាំអស់មួយកំណាត់ ចំណែកឯម្ចាស់ម៉ូតូវិញ បានបោកផ្ទប់នឹងផ្លូវដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ អស់រយះពេលជិតកន្លះម៉ោង ក៏មានវត្តមានក្រុមគ្រួសារសាច់ញាតិមកទទួលដឹកយកទៅដំកល់នៅវត្តទួលសង្កែសិន ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅឯផ្ទះជនរងគ្រោះនៅសង្កាត់ឃ្លាំងសាំង ខណ្ឌឫស្សីកែវ ៕ ធឿនព្រែកជ័យ


ចែករំលែក៖