ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Eldeen Hasaaini Binh Mohd Hashim (អែលឌីន ហួសៃនី ប៊ីន ម៉ូត ហាស៊ីម) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះ លោក Eldeen Hasaaini Binh Mohd Hashim បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជារីករាយណាស់បានមកបម្រើការងារបេសកកម្មការទូតនៅរាជាណាចក្រកម្ពុជា។ លោកមានការគោរព និងកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូបដែលបានដឹកនាំប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាព ប្រជាធិបតេយ្យ និងជាប្រទេសដែលមានការអភិវឌ្ឍន៍ និងរីកចម្រើន។
លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការងាររបស់លោកនៅកម្ពុជានៅពេលនេះ គឺ៖
ទី១)ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត
ទី២)ជំរុញរាល់កិច្ចព្រមព្រៀងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមកឲ្យដំណើរការទៅមុខ
ទី៣)ជំរុញពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ីអោយមានទំហំកាន់តែធំឡើង ជាពិសេសការនាំអង្ករចេញពីកម្ពុជាទៅម៉ាឡេស៊ី ព្រមទាំងធ្វើយ៉ាងណាជំរុញការវិនិយោគម៉ាឡេស៊ីនៅកម្ពុជាឱ្យក្លាយទៅជាវិនិយោគធំលំដាប់ទី១នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះលោក Eldeen Hasaaini Binh Mohd Hashim ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៅកម្ពុជា ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីបានឈានដល់កម្រិតមួយដែលមិនធ្លាប់មានហើយអ្វីដែលជាគោលបំណង និងសេចក្តីប៉ងប្រាថ្នារបស់សម្ដេច គឺធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំបន្ថែមទៀត ហើយលើសពីនោះទៀត គឺធ្វើយ៉ាងណាជំរុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានលំហូរដោយសេរីស្របតាមយន្តការគោលការណ៍ និងគោលនយោបាយរបស់អាស៊ាន មិនតែប៉ុណ្ណោះត្រូវជំរុញឱ្យមានលំហូរពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងអាស៊ានផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំឲ្យធ្វើយ៉ាងណាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរផង និងជំរុញកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរផង ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគពាណិជ្ជកម្មយើងទាំងពីរ ហើយសម្តេចតេជោ ក៏បានជូនពរលោកឯកអ្គរដ្ឋទថ្មី ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា៕