ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកនេះដដែល បន្ទាប់ពីបានជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថ្មី ប្រចាំនៅកម្ពុជារួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សម្តែងការគួរសម និងពិភាក្សាការងារ បន្តជាមួយឯកឧត្តម សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព។

ឯកឧត្តម សន សៃស៊ីផាន់ដន បានទទួលផ្តាំផ្ញើសួរសុខទុក្ខអំពីនាយករដ្ឋមន្ត្រីឡាវ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកតែងតែជួយគាំទ្រដល់ប្រទេសឡាវ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ នូវអ្វីដែលជាការកត់សម្គាល់របស់ឯកឧត្តមនោះគឺព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសអគារខ្ពស់ៗបានរីកស្គុះស្គាយ ហើយជីវភាពប្រជាពលរដ្ឋក៏មានភាពល្អប្រសើរឡើង ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិយោគគិនឡាវនៅកម្ពុជា ជាពិសេស ធនាគារឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំទ្រដល់ការទិញថាមពលអគ្គិសនីពីប្រទេសឡាវផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃប្រទេសឡាវ ហើយក៏បានមានប្រសាសន៍ធ្វើការណែនាំថាករណីវិស័យ ធនាគារ ដើម្បីអោយទទួលបាននូវភាពជោគជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់ការផ្ដល់កម្ចីដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។ ពាក់ព័ន្ធនឹងវិស័យថាមពលវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីឡាវផងដែរ ដែលឆ្នាំនេះបានលក់ថាមពលអគ្គិសនីឲ្យប្រទេសកម្ពុជាយើងបានចំនួន ១៨ មេហ្គាវ៉ាត់ ដែលថាមពលអគ្គិសនីនេះកំពុងតែប្រើប្រាស់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវគប្បីណាជំរុញឲ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសវិស័យទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផង។ លើសពីនោះទៀត ក៏មិនត្រូវកាត់ផ្ដាច់ពីវិស័យថាមពលផងដែរ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រិ បានមានប្រសាសន៍ថា យើងគប្បីណាលើកយកវិស័យថាមពលជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាមួយគ្នានេះផងដែរទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ គប្បីណាដាក់បញ្ជូលទៅលើផ្នែក ការទិញ-លក់ នៃវិស័យថាមអគ្គិសនីនេះផងដែរ៕

 


ចែករំលែក៖