ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងកំពុងត្រូវប៉ាន់

ចែករំលែក៖

គេរាយការណ៍ថា ឈ្មួញឈើផ្តាច់មុខពីររូប នៅស្រុកវាលវែង​កំពុងធ្វើសកម្មភាពដឹកឈើចេញ​រៀងរាល់យប់ ដោយមានការឃុបឃិត​ត្រូវរ៉ូវ​ជា​ប្រព័ន្ធ​ពី​លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើ​វាលវែង ។ ឈ្មួញឈើពីរនាក់​ដែលឈរជើង​យ៉ាងរឹងមាំ ដឹក​ឈើ​បកសម្បកនៅស្រុក​វាលវែង គឺចែ អូន និងលោក សីហា ។ ចែអូន​មានរថយន្តដឹកឈើ​៣គ្រឿង និងលោក សីហា ដែលជាបងប្អូនដែរនោះ​មានរថយន្តដឹកឈើ​២គ្រឿង ។ បន្ទាប់ពីបានផ្តាច់មុខ​ក្នុងរបររកស៊ីឈើ​បកសម្បកនៅស្រុកវាលវែង ចែអូន និងលោក សីហា ដឹកឈើ​ចេញជារៀងរាល់យប់​មិន​ដែលខកខានទេ ។ គេរាយការណ៍ថា មុនៗ មានឈ្មួញប្រជែង​ឈរទិញឈើ​នៅស្រុកវាលវែងនោះដែរ ដូច្នេះ ចែអូន និងលោក សីហា ប្រមូល​ឈើ​រយៈពេល២ថ្ងៃ ឬ៣ថ្ងៃទើបចេញម្តង ។ ប៉ុន្តែឥឡូវនេះ ឈ្មួញទាំងពីរនាក់ដឹកឈើចេញជារៀងរាល់យប់ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង មិនដែល​ខ្វល់​ចំពោះបទបញ្ជាថ្នាក់លើ​នោះទេ ។ ផ្ទុយទៅវិញ ពួកឈ្មួញដែលមានប្រាក់ និងការសន្យាច្បាស់លាស់ គឺត្រូវ​ទទួលបាននូវការយកចិត្តទុកដាក់ពីលោក ជា ហួត ។ មានន័យថា ការរកស៊ីដឹកជញ្ជូនឈើ​ត្រូវសម្តែងការស្មោះត្រង់ជាមួយសមត្ថកិច្ច​(ជា ហួត) បើដឹកឈើចេញ​បីរថយន្ត គឺត្រូវទូរស័ព្ទ​ថា បីរថយន្តឲ្យច្បាស់លាស់ មិនមែន​ផុតពីក្រសែភ្នែកលោកជា ហួត យករួចខ្លួននោះទេ ។ ភាពម៉ត់ចត់​របស់ចែអូន និងលោក សីហា ធ្វើ​ឲ្យលោក​ជា ហួត ទុកចិត្ត ពីព្រោះ​ឈ្មួញទាំងពីរនាក់ មិនបោកសមត្ថកិច្ច ។ ហេតុដូច្នេះហើយបានជាចែកអូន និងលោក សីហា អាចផ្តាច់​ជើងឈ្មួញ​រកស៊ីមិនស្មោះត្រង់ជាមួយសមត្ថកិច្ច​បានជាច្រើននាក់នៅស្រុកវាលវែង ។ នៅស្រុកវាលវែងគឺមាន​ឈ្មួញ​តែពីរនាក់​នេះទេ ដែល​មានសិទ្ធិ​ដឹកឈើចេញ ។

ស្ថាប័នជំនាញ ពោលគឺមន្ទីរកសិកម្មខេត្តហាក់ដូចជាមិនបានយកចិត្តទុកដាក់​ឲ្យគ្រប់គ្រាន់ក្នុងការចាត់វិធានការចំពោះមន្ត្រីក្រោមអំណាច ឲ្យមានប្រសិទ្ធភាពនោះឡើយ ។ ការរង់ចាំមើលវិធានការ​របស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់​ហាក់ដូចជា​មិនឃើញមានអ្វីជាដុំកំភួននោះឡើយ ។ ពោលគឺ​ផ្តេកផ្តួលរមួលផ្សំគ្រេច​លាយឡំជាមួយផលប្រយោជន៍ដែលពួកឈ្មួញបោះឲ្យ ។ ដូច្នេះមានតែក្រសួងកសិកម្ម ជាពិសេស​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​តែប៉ុណ្ណោះ ទើបអាចចាត់វិធានការមន្ត្រី​ពុករលួយនៅថ្នាក់ក្រោមនោះបាន ។ បើរំពឹងទៅលើលោកឡាយ វិសិដ្ឋ ព្រៃឈើ​នៅខេត្តពោធិ៍សាត់មុខជារលាយសូន្យបង់ជាក់ជាមិនខាន ៕


ចែករំលែក៖