ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូចេញពីផឹកស៊ី ទៅប៉ះនឹងរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូចេញពីផឹកស៊ីនៅក្លឹបទៅប៉ះនឹងរថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបស្ថានទូតរុស្ស៊ី។

ជនរងគ្រោះឈ្មោះ នូ តូរីត អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារ នៅសាខាពន្ធដាខណ្ឌចម្ការមន មានទីលំនៅផ្ទះលេខ១០៧ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ រួមនឹងមិត្តភក្ដិ (ប្រុស៣នាក់ស្រីម្នាក់) បាននាំគ្នាចូលទៅផឹកស៊ីលេងកម្សាន្ត ក្នុងក្លឹបកម្សាន្តមួយ ដែលមានទីតាំងក្បែរស្ថានទូតរុស្ស៊ី។ រហូតដល់ម៉ោងប្រហែលជាង១២ រំងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ពួកគេក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន ដោយជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-1321 ម្នាក់ឯង។ ខណៈមកដល់ចំណុចកើតហេតុ បានបើកម៉ូតូទៅប៉ះជាមួយរថយន្តស្ព័រមួយគ្រឿង បណ្ដាលឲ្យរបួសរលាត់ដៃជើងបន្តិចបន្តួច ហើយក៏បានដោះស្រាយគ្នាចប់ ក៏បែកផ្លូវគ្នារៀងៗ។

ដោយជនរងគ្រោះមិនបានទៅមន្ទីរពេទ្យ បានទូរស័ព្ទហៅមិត្តភក្តិម្នាក់ ឲ្យជូនខ្លួនទៅរកកន្លែងដេកនៅផ្ទះសំណាក់។ លុះម៉ោង១០ និង៣០នាទីព្រឹកឡើង ជនរងគ្រោះ ស្រាប់តែមានអាការ:មិនស្រួលខ្លួន ចេះតែវិលៗនោះ ទើបឲ្យមិត្តភក្តិដឹក តាមរថយន្តម៉ាកព្រូស ១គ្រឿង ចេញពីផ្ទះសំណាក់ទៅកាន់គ្លីនិក «ឡាសង់តេ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៦២ ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

ខណ:ទៅដល់ក្រុមគ្រូពេទ្យ បានត្រួតពិនិត្យ និងប្រាប់ថា «ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ» ទើបបុរសជាមិត្តភក្ដិ បានមករាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះស្រាវជ្រាវ និងត្រួតពិនិត្យឃើញថា ពិតជាមានរឿងហេតុដូចបានរៀបរាប់ខាងលើមែន ក៏បញ្ជូនសពទៅតម្កល់ទុកនៅឯវត្តចាក់អង្រែ រងចាំស្វែងរកក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖