ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បង្ក្រាប​អាជីវកម្ម​ជីក​យក​ដីក្រហម​ គ្មាន​ច្បាប់​អនុញ្ញាត​ ពី​ស្ថាប័ន​ជំនាញ​

ចែករំលែក៖

ខេត្តសៀមរាប​៖​ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ និង​កម្លាំង​ចម្រុះ​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន​ នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក​ បានចុះបង្ក្រាប​ទីតាំង​ការដ្ឋាន​កាយ​យក​ដីក្រហម​១​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ ស្ថិត​នៅ​ចំណុច​អន្លង់​ត្រាង​ ភូមិ​ស្វាយស​ ឃុំ​ស្វាយស​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ ។ ​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ទីតាំង​ដូច​ជា​៖ ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ការដ្ឋាន​ជា​បណ្តោះអាសន្ន​ ដើម្បី​ឲ្យម្ចាស់​ចូលខ្លួន​ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរកាល ដោយ​អនុលោម​ទៅ​តាម​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ ធនធាន​រ៉ែ​ ព្រមទាំង​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​ ។ ​

​ចាប់​យក​វត្ថុ​តាង​ រថយន្ត​កង់​ដប់​ ម៉ាក​ HINO​ ០១​គ្រឿង​, រថយន្ត​កង់​ដប់​ពីរ​ ម៉ាក​ HYUNDAI​ ០២​គ្រឿង និងអេ​ស្កា​វ៉ា​ទ័​រ​ ម៉ាក​ KOMAT’SU​ ០១​គ្រឿង​ ។ ​

កម្លាំងបាននាំ​ខ្លួន​កម្មករ​បើក​គ្រឿងចក្រ​ និង​អ្នកធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ ០៥​នាក់​ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន​ ។ ​

ក្រោយ​ពេល​សួរនាំ​រួច​ បច្ចុប្បន្ន​កម្មករ​ទាំង​៥​នាក់​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ ហើយ​បានឲ្យត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​ ។ ​ រីឯ​វត្ថុ​តាង​រថយន្ត​៣​គ្រឿង​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន​ ចំពោះ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​១​គ្រឿង​ បាន​រក្សា​ទុក​នៅ​ទីតាំង​ការដ្ឋាន​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖