ខេត្តកំពង់ធំ៖ ព្រៃសហគមន៍ជាំម្រេច ដែលមានផ្ទៃដីគ្របដណ្តាប់ប្រជាមាណជាង២ពាន់ហិតា នៅក្នុងភូមិសាស្ត្រភូមិត្រឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់លោក សោម សុភ័ក្រ ជាប្រធានសហគមន៍ជាំម្រេច និងលោក លី ស្រេង ដែនជំរកសត្វព្រៃបឹងពែរ ជាអ្នកទទួលខុសត្រូវមើលថែទាំព្រៃ ឈើ និងដីសហគមន៍ ចៀសវាងពីការទន្ទ្រានពីប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញបុគ្គលទាំងពីរនេះ បែរជាមិនយកចិត្តទុកដាក់ការពារនោះទេ គឺធ្វើជាព្រងើយកំពុងបើកដៃឲ្យប្រជាពលរដ្ឋធ្វើកាប់ ទន្ទ្រានដោយរណាយន្តទៅវិញ ។
បច្ចុប្បន្នព្រៃសហគមន៍នេះ បើតាមការប៉ាន់ប្រមាណនៅមិនដល់៣០០ហិតាផង ហើយក៏កំពុងទន្ទ្រានដោយរូបភាពធ្វើចម្ការ និងកាប់អុសម៉ែត្រពីប្រជាពលរដ្ឋទៅវិញ ។ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋកាប់អុសម៉ែត្រ នៅក្នុងព្រៃសហគមន៍ សុំមិនបញ្ចេញ ឈ្មោះបានបញ្ជាក់ថា ការចូលកាប់នៅទីនេះ គឺលោកបានបង់ប្រាក់ទៅឲ្យលោក សោម សុភ័ក្រ ក្នុងមួយគោយន្តចំនួន ពីរម៉ឺនរៀល សម្រាប់ជាថ្នូរនូវការឲ្យចូលកាប់ និងមិនចាប់គោយន្ត នៅពេលចេញទៅវិញ ។ រីឯប្រជាពលរដ្ឋម្នាក់ទៀត ដែលកំពុងអារផ្តួលរំលំដើមឈើ ក្នុងព្រៃសហគមន៍បានលើកឡើងដែរថា សកម្មភាពរបស់គាត់នៅពេលនេះ គឺជាការស៊ីឈ្នួល ម្ចាស់ដី ក្នុងតម្លៃមួយថ្ងៃពីរម៉ឺនរៀល ដែលម្ចាស់ដីបានជួលគាត់ និងប្រាប់ឲ្យផ្តួលរំលំ ដែលដីនេះគឺ បានអះអាងថា បានទិញលក់ពីសហគមន៍រួចមកហើយ ។
ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានហៅទូរស័ព្ទទៅកាន់លោក សោម សុភ័ក្រ ជាប្រធានសហគមន៍ជាំម្រេច លោកបានឆ្លើយថា រូបលោកបានឈប់ធ្វើជាប្រធាន សហគមន៍នេះ ជាងមួយឆ្នាំមកហើយ ព្រោះការធ្វើជាប្រធានសហគមន៍នេះមិនបានជាប្រយោជន៍អ្វី សម្រាប់រូបលោក ហើយនាំតែរឿងដាក់ខ្លួនឯងពិបាកដោះស្រាយជាញឹកញាប់ ។ រីឯលោក លី ស្រេង ជាប្រធាន ដែនជំរកសត្វព្រៃបឹងពែរ និងមានតួនាទីជួយការពារព្រៃឈើដែរនោះបានលោកឡើងដែរថា រូបលោកបានប្រគល់នូវការគ្រប់គ្រងទៅឲ្យក្រុមប្រឹក្សាឃុំហើយ ដោយរូបលោកគ្រាន់តែ ជួយជាកម្លាំងអន្តរគមន៍ក្នុងការបង្រា្កបបទប៉ុណ្ណោះ ។ បើទោះបីជាយ៉ាងនេះក្តីលោក ជិន ហ៊ីន ជាមេឃុំសាលាវិស័យ បានញ្ជាក់ដែរថា រូបលោកមិនស៊ីជម្រៅលើការគ្រប់គ្រងដីព្រៃនេះនោះទេ ព្រោះសិទ្ធិអំណាចនៃការគ្រប់គ្រងទាំងអស់ គឺស្ថិតនៅលើការគ្រប់គ្រងរបស់លោកប្រធានសហគមន៍ និងលោក លី ស្រេង ដដែល ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ដីព្រៃដែលកំពុងកាប់ទន្ទ្រាន និងដុតជាបណ្តើរៗ ហើយនឹងរៀបចំដាំយកដីជាកម្មសិទ្ធិ ហើយមានដីមួយចំនួនត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រាប់ថា លោក លោក សោម សុភ័ក្រ និងលោក លី ស្រេង រៀបចំលក់ឲ្យឈ្មួញមានលុយជាបន្ត បន្ទាប់ទៀតផងដែរ ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា ករណីនេះពុំមានការបង់លុយនោះទេ ៕ ប៊ុនរិទ្ធី