ព័ត៌មានទាន់ហេតុការណ៍៖

តុលាការថៃ កាត់ទោសលោកថាក់ស៊ីន ដោយកំបាំងមុខរឿងកម្មវិធីឆ្នោត

ចែករំលែក៖

តុលាការថៃកាត់ទោសកំបាំងមុខ ទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ពន្ធនាគារយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹង កម្មវិធីឆ្នោតជាតិ កាលពីឆ្នាំ២០០៣ ។

សារព័ត៌មានថៃ បានផ្សាយថា តុលាការមួយក្នុងប្រទេសថៃ បានកាត់ទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលកំពុងរស់នៅនិរទេសខ្លួននោះ ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ពីបទទោសកំហុស ពាក់ព័ន្ធនឹងគម្រោងឆ្នោតជាតិមួយ ដែលកាលណោះ លោក ថាក់ស៊ីន ជាអ្នកសម្ពោធឡើង ខណៈលោកនៅកាន់អំណាច ហើយរហូតមកដល់ពេលនេះ មានរយៈពេលជាងមួយទសវត្សរ៍កន្លងទៅហើយ។ ប៉ុន្ដែការផ្តន្ទាទោសនេះ ទើបតែធ្វើឡើង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះទេ ដោយកាត់ទោសកំបាំងមុខ ។ តុលាការកំពូល នៃប្រទេសថៃ បានចាត់ការសំណុំរឿងនេះ ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានរដ្ឋប្រហារយោធា ទម្លាក់ចេញពីតំណែង នៅក្នុងឆ្នាំ២០០៦។ លោកបានអវត្តមានពីក្នុងប្រទេសថៃ តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ គឺបន្ទាប់ពីលោកបាននភៀសខ្លួន គេចវេះពីការជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ពីបទទំនាស់ផលប្រយោជន៍។

កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ លោកថាក់ស៊ីន ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក រយៈពេល៣ឆ្នាំ ពីបទកំហុសឆ្គងបញ្ជាឲ្យធនាគារ នីហរ័ណ អាហរ័ណ របស់ប្រទេសថៃ ផ្ដល់ប្រាក់កម្ចីទៅឲ្យទេសមីយ៉ាន់ម៉ា ដើម្បីប្រើប្រាស់សម្រាប់សងលុយក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណប បន្ទាប់មកក្រុមហ៊ុនេះត្រូវគ្រប់គ្រង ដោយលោក ថាក់ស៊ីន និងក្រុមគ្រួសារ ។

ទោះជាយ៉ាងណាគេនៅមិនទាន់ច្បាស់ថា តើហេតុអ្វីបានជារឿងរ៉ាវដែលបានកើតឡើងអស់រយៈពេលយូរឆ្នាំមកហើយ បែរជាត្រូវតុលាការលើកយកមកជំនុំជម្រះ និងការចោទប្រកាន់ទៅលើលោក ថាក់ស៊ីន នាពេលនេះ៕


ចែករំលែក៖