ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសាអង់គ្លេស លើកទី៤ (The 4th English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជា អគ្គនាយក ប៊ែលធី គ្រុប ។
តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL) បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២២សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១.៧៣៧នាក់ ។
លោក ចាន់ ទីតា បានបញ្ជាក់ថា គោលបំណង នៃការប្រកួតសំណេរភាសាអង់គ្លេស គឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរ ភាសាអង់គ្លេស និងអាចចូលរួមប្រកួត ប្រជែងសំណេរ ជាលក្ខណៈអន្តរជាតិ ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រ ដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក ។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធី សិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស អាចដាក់ពាក្យសុំ អាហារូបករណ៍ទៅសិក្សា នៅក្រៅប្រទេសបានយ៉ាងងាយ ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង របស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ ។
លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថា សិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ ។ ចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី 6.5 ដល់7.០ ប៉ុន្តែកំពុងសិក្សាថ្នាក់ចំណេះទូទៅ នៅសាលា ប៊ែលធី អន្តរជាតិគ្រប់កម្រិតថ្នាក់ នឹងទទួលបានអាហារូបករណ៍៥០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២ ។ ចំណែកឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងគ្រោងបើកសម្ពោធសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ដែលស្ថិតនៅផ្លូវជាតិលេខ ៣ (ចោមចៅ) នៅពេលឆាប់ៗខាងមុខ។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន ១២នាក់ ផងដែរ ៕ អរុណរះ