ព័ត៌មានទាន់ហេតុការណ៍៖

ស្ញប់ស្ញែងយុវជនសំរាមធ្វើការងារប្រឈមគ្រោះថ្នាក់ ហើយផលិតវីដេអូអប់រំពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រថុយប្រថាននឹងគ្រោះថ្នាក់ចំពោះសុខភាព ព្រោះតែប្រមូលសំរាមក្នុងលូទឹកស្អុយបឹងត្របែកយុវជនមួយក្រុម មានឈ្មោះថា យុវជនសំរាម នៅតែបន្តចូលរួមសកម្មភាព និងយុទ្ធនាការផ្ញើសាអប់រំទៅកាន់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។ សារនេះមានតាមរយៈការផលិតវីដេអូខ្លី ន័យជ្រៅជំរុញឲ្យពលរដ្ឋយល់ដឹងបន្ថែមជុំវិញការរក្សា និងទុកដាក់សំរាម ។

សំរាមមានភាគច្រើនថង់ប្លាស្ទិក ដែលបានអណ្តែតនៅតំបន់លូបឹងត្របែកបានក្លាយជាប្រធានបទ របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។

កាន់តែក្តៅគគុកក្រោយពេលគេបានឃើញយុវជនមួយក្រុមបានព្យាយាប្រមូលសំរាមចេញពីលូទឹកស្អុយ ស្ទើររៀងរាល់ថ្ងៃដែលមានភ្លៀងធ្លាក់ ។ បន្ថែមពីការប្រមូល វីដេអូអប់រំខ្លីត្រូវបានផលិតឡើងដោយយុវជនទាំងនោះ ខណៈដែលក្រុមការងាររបស់ពួកគេនោះមានទាំងសិល្បករចូលរួមផងដែរ ។

តារាសម្តែង លោក ស្រេន វុធថា បញ្ជាក់ថាលោកបានចូលរួមដឹកនាំសម្តែងការផលិតវីដេអូអប់រំរយៈពេល៤នាទីនេះ រួមជាមួយសិល្បករ និងក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសំរាម ពិសេសចង់ឲ្យពរលរដ្ឋគួរមានធុងសំរាមផ្ទាល់នៅតាមផ្ទះនីមួយៗ ។

លោកថាវីដេអូនេះចំណាយការផលិតរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយបើទោះបីជាវីដេអូមួយនេះមិនបានចូលរួមចំណែកធំធេញធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងចំពោះឥរិយាបទនៃការទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្តីក៏លោកសង្ឃឹមថា ជាសារមួយជួយដាស់តឿនក្រើនរំលឹកដល់ពលរដ្ឋដែលបានទស្សនាមួយចំណែកផងដែរ ។

លោកនិងយុវជនសំរាមនៅតែ​បន្តឆន្ទៈចូលរួមសកម្មភាពសង្គមនានា ពិសេសការចូលរួមដោយផ្ទាល់លើការសម្អាតសំរាមមួយចំណែក និងជួយអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋ​មានការយល់ដឹងអំពីបញ្ហាសំរាមបន្តទៀត និងស្ថិតក្រោមពាក្យស្លោក សំរាមត្រូវតែនៅក្នុងធុងសំរាមជានិច្ច ៕ វឌ្ឍនា


ចែករំលែក៖