ព័ត៌មានទាន់ហេតុការណ៍៖

ជ្រូកហោះពីវៀតណាមចូលខេត្តកំពង់ចាម មិនឆ្លងកាត់ខេត្តត្បូងឃ្មុំទេ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ញឹកញាប់ណាស់ទៅហើយ ដែលអាជ្ញាធរមានសមត្ថកិច្ច​ខេត្តកំពង់ចាមចាប់ជ្រូកវៀតណាម​នាំចូល​មកដល់​កណ្តាល​ក្រុងកំពង់ចាម? មជ្ឈដ្ឋានអ្នករាជការកំពង់ចាម ហាក់ដូចជាប្រាកដប្រជាថា ជ្រូកទាំងនោះ ដែលដឹកតាមរថយន្ត ឬម៉ូតូ ពិតជាឆ្លងកាត់​ព្រំដែនខេត្តត្បូងឃ្មុំមិនខានឡើយ ទើបអាចឆ្លងស្ពានគីហ្សូណា ចូលដល់ក្រុងកំពង់ចាមបាន ។ ប៉ុន្តែ​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបដិសេធការចោទប្រកាន់នេះ ។ ដូច្នេះមានន័យថា ជ្រូក​វៀតណាមដែលចូលដល់ក្រុងកំពង់ចាម អាចនាំ​ចូលតាមខេត្តព្រៃវែង ឬខេត្តស្វាយរៀងឯណោះទេ ។

ប៉ុន្តែបើតាមប្រជាពលរដ្ឋ នៅតាមព្រំដែនស្រុកពញាក្រែក ខេត្តត្បូងឃ្មុំអះអាងថា ឈ្មួញមុខដដែលៗដឹកជ្រូកចូលពីវៀតណាម នៅក្នុងភូមិសាស្ត្រក្បែរលំនៅឋានរបស់ពួកគាត់​ក្នុង​ស្រុកពញាក្រែក ។ ពួកគាត់អះអាងថា សមត្ថកិច្ចជំនាញ សុទ្ធតែបានដឹងអំពី​បញ្ហាជ្រូកនាំចូល​ពីប្រទេសវៀតណាមទាំងនោះ ។ មិនតែប៉ុណ្ណោះ ពួកសមត្ថកិច្ច​អរគុណឈ្មួញថែមទៀតផង ពីព្រោះថា បើមិនអនុញ្ញាត​ឲ្យឈ្មួញនាំជ្រូកពីវៀតណាមមកទេ គឺគ្មានការផ្គត់ផ្គង់សាច់នៅក្នុងប្រទេសកម្ពុជានោះឡើយ ។ ដូច្នេះ គឺអាជ្ញាធរជំនាញ ខេត្តត្បូងឃ្មុំ ពិតជាបានកសាងគុណសម្បត្តិក្នុងការចិញ្ចឹមពលរដ្ឋខ្មែរ​នៅក្នុងប្រទេស ដែលត្រូវការសាច់ជ្រូកពីប្រទេសវៀតណាមនោះ ។

មានសេចក្តីរាយការណ៍ថា ខេត្តត្បូងឃ្មុំ នៅតែបន្តនាំជ្រូកចូលពីប្រទេសវៀតណាម ។ ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយបានផ្សាយថា ទោះបីជាមានវិធានការតឹងរឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងការទប់ស្កាត់មិនឲ្យនាំចូលជ្រូកពីវៀតណាមក៏ដោយ ប៉ុន្តែខេត្តត្បូងឃ្មុំជ្រូកនៅតែបន្តនាំចូលដដែល។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោលព័ត៌មាននោះ ដោយអះអាងថា សេចក្តីរាយការណ៍ខាងលើខុសពីការពិតទាំងស្រុង។

ប្រតិកម្មរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មួយ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ដោយចោទប្រកាន់ថា ទោះបីជាមានវិធានការ តឹងរឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទប់ស្កាត់ ជ្រូកនាំចូលពីវៀតណាមក៏ដោយ ប៉ុន្តែខេត្តត្បូងឃ្មុំ នៅតែបន្តនាំចូលដដែល។

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ចំពោះមុខនេះវិធានការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែជាវិធានការក្តៅក្រោមការពិនិត្យតាមដាន ណែនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំខេត្ត ហើយមន្ទីរកសិកម្មដែលមានការិយាល័យប្រតិកម្មនិងបសុព្យាបាលជាសេនាធិការ និងបន្ទាប់រងប្រែអស់ពីលទ្ធភាព ដោយសហការជាមួយ អង្គភាពពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ការបង្ក្រាបបទល្មើសចលនាសត្វ ឱ្យបានជាអតិបរមា ជៀសវាងការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ទោះយ៉ាងណា ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សេចកក្តីរាយការណ៍ ដែលថាមានចលនាជ្រូក មកពីប្រទេសវៀតណាម ចូលក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនខេត្តត្បូងឃ្មុំនោះ គឺមិនបានឆ្លុះបញ្ចាំង ពីការខិតប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទង បានបង្ខូចកិត្តិយស ថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ ។

ការបដិសេធរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំនៅតែមិនគ្រប់គ្រាន់ ពីព្រោះប្រជាពលរដ្ឋ ដែលមានការចេះដឹងតិចតួច នៅតែយល់ថា ជ្រូកវៀតណាម ដែលហោះមកដល់​ក្រុងកំពង់ចាម ទាំងឡានធំៗនោះ
ទំនងជាមិនឆ្លងកាត់ខេត្តព្រៃវែង ឬខេត្តស្វាយរៀងនោះឡើយ ។ និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា ជ្រូកវៀតណាមមិននាំចូលតាមខេត្តស្វាយរៀង ឬព្រៃវែងនោះទេ ។ វាពិតជាមាននាំ ប៉ុន្តែបើនាំចូលតាមខេត្តទាំងពីរនេះ គឺគេឆ្ពោះទៅច្បារអំពៅ រាជធានីភ្នំពេញ ឬទៅខេត្តកណ្តាល ឬក៏បំពេញសេចក្តីត្រូវការនៅខេត្ត​កំពង់ស្ពឺជាដើម ។ ដូច្នេះ ជ្រូកវៀតណាមដែលនាំចូល​ដល់ក្រុងកំពង់ចាម អាចហោះពីលើកាត់ខេត្តត្បូងឃ្មុំនៅគ្រាដែល ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំគ្មានលទ្ធភាព ជ្រូកហោះចូលតាមដែនសមត្ថកិច្ចរបស់ខ្លួនពីលើអាកាសនោះ ៕ ហេង សូរិយា


ចែករំលែក៖