គ្រាន់តែក្លិបកម្សាន្តមួយនៅកណ្តាលរាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធគ្រឿងញៀន(ប្រើប្រាស់) រហូតដល់ជាង៤០០នាក់ ។ កាលពីប៉ុន្មានខែមុន សមត្ថកិច្ចក៏បានរកឃើញក្នុងករណីដូចគ្នានេះ នៅក្លិបកម្សាន្តរ៉ក របស់ឧកញ៉ា គិត ធៀង មានមនុស្សជាង៥០០នាក់ដែរ ។ តើនៅរាជធានីភ្នំពេញ មានក្លិបកម្សាន្តប៉ុន្មាន? តើក្លិបទាំងនោះ អាចប្រាសចាកផុតពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀននោះដែរឬទេ? ឧបមាថា មានក្លិបកម្សាន្តនៅភ្នំពេញ១០កន្លែង បើតាមទិដ្ឋភាពបែបនេះ គឺមានមនុស្ស មិនតិចជាង៤ពាន់នាក់ឡើយ ដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន?
ប៉ុន្តែនៅភ្នំពេញសព្វថ្ងៃ មិនមែនមានក្លិបកម្សាន្តតែ១០កន្លែងនោះទេ ហើយក៏មិនមែនក្លិបទាំងអស់សុទ្ធតែមានប្រើប្រាស់គ្រឿងញៀន ដូចក្លិបកម្សាន្តឡុចសារី និងក្លិបកម្សាន្តរ៉ក នោះដែរ ។ យ៉ាងណា ទោះតិច ឬច្រើន ការប្រើប្រាស់គ្រឿងញៀននៅតាមបណ្តាក្លិបកម្សាន្តនានាក្នុងរាជធានីភ្នំពេញ មិនអាចចៀសផុតឡើយ ។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅតាមបណ្តាក្លិបនានា គឺជារឿងធម្មតា ដែលពួកអ្នកប្រើប្រាស់មានលុយច្រើនគួរសម ទើបអាចចូលក្លិបរកការប្រើប្រាស់គ្រឿងញៀននោះបាន ។ បណ្តាជនអ្នកក្រីក្រ ដែលញៀនថ្នាំ ពិតជាគ្មានលទ្ធភាព ចូលរកគ្រឿងស្រវឹងនៅក្នុងក្លិបនោះបានឡើយ ។ ជាទូទៅ យុវជនដែលគ្មានប្រាក់ដើម្បីរកការសប្បាយ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លិប តែងតែធ្វើសកម្មភាពឆក់ ឬប្លន់ ដើម្បីបានប្រាក់យកទៅរកការសប្បាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងក្លិប ។
វិធានការច្បាប់តឹងតែងប្រកបដោយប្រសិទ្ធភាព គឺជាការចាំបាច់ ជាមួយនឹងការបន្តអនុវត្ត ត្រួតពិនិត្យជារៀងរាល់ថ្ងៃចំពោះក្លិបកម្សាន្តទាំងឡាយណា ដែលអាជ្ញាធរមានសមត្ថកិច្ចដាក់ការសង្ស័យថា មានការពាក់ព័ន្ធឹនងការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ។ បើតាមមជ្ឈដ្ឋានប្រជាពលរដ្ឋនៅភ្នំពេញ ក្លិបកម្សាន្តធំៗ ដែលជាប់សង្ស័យនឹងការជួញដូរ ឬប្រើប្រាស់គ្រឿងញៀនមានច្រើន ។ ក្នុងនោះ សូម្បីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ក៏ធ្លាប់រំលឹកថា នៅមានក្លិបធំៗជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចពុំទាន់បានបង្ក្រាប ។ សម្រាប់ប្រជាពលរដ្ឋ យល់ថា ល្មមដល់វេលាដែលអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការបង្ក្រាបក្រុមអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមបណ្តាក្លិប កម្សាន្តក្នុងរាជធានីភ្នំពេញទាំងនោះហើយ ។ គ្រឿងញៀនពិតជាបានបំផ្លាញជីវិតមនុស្ស និងសង្គមជាតិ ៕ ប្រជាពលរដ្ឋម្នាក់
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឃាត់ជាង៤០០នាក់នៅក្លិបឡុចសារី
អ្នកពាក់ព័ន្ធគ្រឿងញៀននៅក្លិបកម្សាន្តរ៉ក នាគ្រាកន្លងមក