ភ្នំពេញ៖ នារីបានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ក្នុងវត្តសារាវ័នមុខកុដិលេខ២៣ សង្ស័យមានគំនុំជាមួយព្រះសង្ឃ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយខណ្ឌដូនពេ ញចេញអន្តរាគមន៍ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង០៦ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តសារាវ័ន ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីដែលបាញ់បោះសេរីនេះមានឈ្មោះ ផាន ស្រីលីន អាយុ ២៩ ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល មានប្ដីជាជនជាតិបរទេស ធ្វើការនៅប្រទេសថៃ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១៧ ជាន់ទី២ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។
តាមការសាកសួរពីសមត្ថកិច្ចនារីដែលបាញ់បោះសេរីនេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនរួមជាមួយនឹងស្វាមីកាលពី២ឆ្នាំមុនបានទៅរកលោក សង្ឃដើម្បី សូត្រមន្តលើករាសី ប៉ុន្តែមួយរយៈក្រោយមក ប្ដីបានត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញហើយ ក៏ធ្លាក់ខ្លួនឈឺទើបនៅថ្ងៃកើតហេតុ នារីរូបនេះ មិនដឹងថា ទៅរកគ្រូទាយឯណាទេ ដឹងថា ប្តីរបស់ខ្លួនត្រូវអំពើលោក មួយអង្គ ទើបបើករថយន្ត ចូលទៅបាញ់គំរាមព្រះសង្ឃតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាននារីម្នាក់វ័យប្រមាណជា៣០ឆ្នាំ បានមកឈរពីមុខកុដិព្រះសង្ឃលេខ៣ ដែលមានព្រះសង្ឃព្រះនាម ពិសី និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមបាញ់ចំនួន០២គ្រាប់ សង្ស័យមានគំនុំជាមួយនឹងព្រះសង្ឃ បង្កជាការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសមត្ថកិច្ចជួយអន្តរាគមន៍ បានទាន់ពេល យកមកសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ ។
តាមប្រភពបានបង្ហើបឲ្យដឹងទៀតថា កន្លងមក ប្តីរបស់នារីក្លាហានបានធ្លាប់ទៅរកព្រះសង្ឃ ឲ្យធ្វើមន្តអាគមដាក់ឲ្យប្រពន្ធស្រឡាញ់កាន់តែខ្លាំង លុះដល់ចាប់ពីរកព្រះសង្ឃឲ្យជួយដាក់មន្តអាគមន៍រួចមក ប្តីចេះតែឈឺមិនដែលលោះថ្ងៃសោះ ដោយមានការអន់ចិត្ត ទើបនារីក្លាហានទៅប្រទេសថៃទិញកាំភ្លើងមួយដើមម៉ាក ( ឡុកអូទ្រីស មីនី) ក្នុងតម្លៃ១៥០០$ សហរដ្ឋអាមេរិកមកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋត្រូវសមត្ថកិច្ចចេញជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាកសួរផងដែរ ។
បច្ចុប្បន្ននារីនោះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញកំពុងសាកសួរបន្ថែម ហើយចំណាត់ការយ៉ាងណានោះ ប្រជាពលរដ្ឋកំពុងរង់ចាំតាមដាន ៕ ជ្រោយពេជ្រ