ខេត្តព្រៃវែង៖ បន្ទាប់ពីមានការអំពាវនាវតាមអនុសាសន៍ដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានប្រសាសន៍លើកឡើងថា៖ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ» គឺនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមទទួលទាននំបញ្ចុកជាមួយបងប្អូនប្រជាជននៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បង្ហាញពីកាយវិការ និងភាពស្និទស្នាលបំផុត រវាងថ្នាក់ដឹកនាំ និងប្រជាជនដល់មូលដ្ឋាន។ ការទទួលនំបញ្ចុកធ្វើឡើងតាមមណ្តាភូមិ វត្តអារ៉ាម សាលារៀន ទាំង៩ឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ២០១៩នេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។
ដោយសម្តេចបានរម្លឹកថា៖ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ ក្នុងនោះសម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។
ក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាំមកនូវសន្តិភាព ឯករាជ្យជាតិ និងតែងនៅជាប់កៀកបង្កើយជាមួយជនរួមជាតិគ្រប់កាលៈទេសៈ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ២០១៩នេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៩នេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា។
សូមបញ្ជាក់ថា៖ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ» គឺបង្ហាញពីក្តីគោរព ស្រឡាញ់ ពេញបេះដូង កើតចេញពីឆន្ទះប្រជាជនដល់ប្រមុខដឹកនាំប្រទេស និងធ្វើអោយក្តីសប្បាយរីករាយ មនោសញ្ចេតនារវាងប្រជាជន និងប្រជាជន , រវាងថ្នាក់ដឹកនាំ និងប្រជាជន បានគ្របដណ្តបក្នុងក្របខណ្ឌទូទាំងប្រទេស៕ សុខ ខេមរា