ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ៣​គ្រឿង​បុក​គ្នា ក្នុង​នោះ​បណ្ដាល​ឱ្យ​រថយន្ត​២​គ្រឿង​ឆេះ ​ស្លាប់មនុស្ស ១១​នាក់ និង​របួស​៤​នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នា​ព្រលប់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ២០១៩ មនុស្ស​ស្លាប់ ១១​នាក់ និង​របួស​៤​នាក់​ក្នុង​ករណី​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ខេត្ត​កំពង់ស្ពឺ។ របាយការណ៍​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី រថយន្ត ៣​គ្រឿង​បុក​គ្នា ក្នុង​នោះ​បណ្ដាល​ឱ្យ​រថយន្ត​២​គ្រឿង​ឆេះ ក្នុង​ចំណុច​កើតហេតុ នៅ​គីឡូម៉ែត្រ​លេខ​៨៥-៨៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

​ស្នងការ​រង​នគរបាល​ខេត្ត កំពង់ស្ពឺ លោក តាប់ លន ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ហាយឡែនឌ័រ HIGHLANDER បើក​ពី​កើត​ទៅ​លិច គឺ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ បាន​វ៉ា​ជែង​គ្នា​ស្រាប់តែ​ជ្រុល​ទៅ​បុក រថយន្ត​ទេសចរណ៍ ២៤​កៅអី មួយ​គ្រឿង​របស់​ក្រុមហ៊ុន​វិរៈប៊ុនថាំ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​តែម្ដង។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដដែល​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ក្នុង​ក្នុង​រថយន្ត​ហាយឡែនឌ័រ​ស្លាប់​៦​នាក់ និង​ខាង​រថយន្តក្រុង​ស្លាប់ ៥​នាក់។ ក្រោយ​គ្រោះថ្នាក់ សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ ចំណែក​សាកសព​សមត្ថកិច្ច​កំពុង​ស្វែងរក​ក្រុម​គ្រួសារ​ ៕


ចែករំលែក៖