ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធសមិទ្ធផល និងហូបនំបញ្ចុកសាមគ្គីជាតិតេជោហ៊ុន សែន នៅ ឃុំសង្កែ ស្រុករំដួលយ៉ាងសប្បាយរីករាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក បានម៉េង ទូច និងក្រុមគ្រួសារនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្ពោធសមិទ្ធផលនានា ក្នុង ឃុំសង្កែ ស្រុករំដួល ព្រមទាំងហូបនំបញ្ចុកសាមគ្គីជាតិ តេជោសន្តិភាពផងដែរ ហើយមានការចូលរួមពីអាជ្ញាធរកងកម្លាំងប្រជាពលប្រមាណជិត ៨,០០០នាក់ ដើម្បីហូបនំបញ្ចុកធ្វើជាអាហារថ្ងៃត្រង់ ដែលមាននំបញ្ចុកសរុប ៥០០គីឡូក្រាម ។

ក្នុងឱកាសនោះ លោក បានម៉េង ទូច បានថ្លែងថា ការហូបនំបញ្ចុកនេះ គឺជាការការរួមគ្នាបង្ហាញពីសាមគ្គី ជាតិ និងដើរតាមបន្ទាត់ត្រឹមត្រូវ ដើម្បីរួមគ្នា រក្សាសន្តិភាពនៅក្នុងប្រទេស ។

លោក ថ្លែងបន្តទាំងរីករាយថា «ការហូបនំបញ្ចុកនាថ្ងៃនេះ យើងទាំងអស់គ្នាហូបបណ្តើរ ញញឹមបណ្តើរដាក់គ្នាដោយក្តីសោមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរម្យនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ។

លោកលើកឡើងទៀតថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចយកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ ។ ចំពោះការហូបលើកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព ស្នេហាជាតិ ។

លោកសុខ ខារ៉ាម អភិបាល ស្រុករំដួលបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កម្មវិធីហូបនំបញ្ចុកនាព្រឹកនេះ បង្ហាញយ៉ាងច្បាស់ពីភាពស្និទ្ធស្នាល និងសាមគ្គីរួបរួមយ៉ាងពិតប្រាកដ ។

លោកបានបន្តថា បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ ហើយទាំងអស់គ្នាត្រូវរក្សានៅសន្តិភាព ។

នៅក្នុងទិវាហូបនំបញ្ចុកសាមគ្គីខាងលើនេះ ក្រុមគ្រួសារលោកបាន ម៉េង ទូច និងសប្បុរសជន ព្រមទាំងអាជ្ញាធរចែកជូននៅរបស់របរអនុស្សាវរីយ៍ និងថវិកាដល់ប្រជាពលរដ្ថចំនួន៣ភូមិប្រមាណជិត១០០០នាក់ផងដែរ ៕ អរុណរះ


ចែករំលែក៖